តម្លៃខ្លួន តារាប្រុស Weir សម្ដែងរឿងមួយភាគៗ បើប៉ះអ្នកចាយល្មមៗ បានមួយឆ្នាំ
នៅក្រៅកញ្ចក់ទូរទស្សន៍ គេសង្កេតឃើញសិល្បករ សិល្បការិនីថៃល្បីៗជាច្រើនដួង កំពុងរស់នៅសោយសុខនឹងជីវិតឯកជនដ៏សម្បូរហ៊ឺហាររបស់ពួកគេ ដោយអ្នកខ្លះមានគ្រួសារជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភស្រាប់ ចំណែកអ្នកខ្លះទៀត គឺបានមកពីការខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ពួកគេ ។
យ៉ាងណាមិញ តាមដានខ្សែភាពយន្តភាគថៃស្ទើរតែរាល់ថ្ងៃ ប្រិយមិត្តភាគច្រើនច្បាស់ជាចង់ដឹងហើយថា តើអ្នកសិល្បៈទាំងនោះ ទទួលបានតម្លៃខ្លួនប៉ុន្មានពីការថតកុន បានជាជីវភាពរបស់ពួកគេ រស់នៅធូរធារ ប្រើសុទ្ធតែឡានទំនើប និង របស់របរថ្លៃៗដូច្នេះ ។
បើតាមប្រភពបានឱ្យដឹងថា សិល្បករ សិល្បការិនីភាគច្រើនទទួលបានតម្លៃខ្លួនចន្លោះពី ៤ ០០០ បាត ទៅ ២៥០ ០០០ បាតក្នុងមួយភាគៗ ដោយតម្លៃខ្លួនជាក់ស្ដែងគឺស្ថិតលើភាពល្បីល្បាញរបស់ពួកគេរៀងៗខ្លួន ។
ចំពោះកំពូលតារាសម្ដែងប្រុសរូបសង្ហា Weir Sukollawat វិញ ប្រភពបានទម្លាយថា លោកទទួលបានតម្លៃខ្លួនខ្ពស់ខ្លាំងដល់ទៅ ២៥០ ០០០ បាតឯណោះក្នុងមួយភាគៗ ដែលប្រហែលនឹងជិត ៨ ពាន់ដុល្លារអាមេរិក ៕