វ៉ាវ! កំពុងប្រកួត MU នៅអាមេរិកសុខៗ ស្រាប់តែនៅកម្ពុជា រ៉េត សារីតា ត្រៀមឈ្នះពានមួយនេះបាត់
ទន្ទឹមនឹងធ្វើឱ្យអ្នកគាំទ្រក្រៅ និង ក្នុងប្រទេសមានមោទកភាព ក្នុងដំណើរនៃការប្រកួត Miss Universe 2020 នៅឯសហរដ្ឋអាមេរិកនោះ ម្ចាស់មកុដ Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ក៏កំពុងតែធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការភ្ញាក់ផ្អើល បន្ទាប់ពីផេក Freshie Cambodia បានបង្ហោះរូបភាពអតីត Freshie Girl& Boy ជាច្រើនជំនាន់ ដោយរួមមានទាំងកញ្ញាផងនោះ ។
ជាការពិតមានអ្នកគាំទ្រមួយចំនួនបានដឹង និង ខ្លះទៀតមិនធ្លាប់បានដឹងនៅឡើយថា កញ្ញា រ៉េត សារីតា ក៏ជា Freshie Girl មួយរូបបានប្រកួតនៅឆ្នាំ ២០១៣ ពោលគឺជំនាន់ទី ១២ ហើយមកដល់ពេលនេះតារាស្រីរូបនេះ មិនត្រឹមតែបោះជំហានលើវិថីសិល្បៈជាពិធីករ តារាសម្តែងតែម្យ៉ាងនោះទេ តែ រ៉េត សារីតា ក៏បានក្លាយទៅបវរកញ្ញាឯករបស់ Miss Universe Cambodia ។
តួយ៉ាង ថ្មីៗនេះផេក Freshie Camboida បានប្រកាសឈ្មោះអតីត Freshie Girl & Boy ដែលជាបេក្ខជន បេក្ខនារី បានជាប់វគ្គជម្រុះ ចូលរួមប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ក្នុងឱកាសគម្រប់ខួបទី ២០ ឆ្នាំ កម្មវិធីប្រកួត Freshie Girl & Boy ដែលមានការប្រព្រឹត្តល្អ និង ជាគំរូល្អដល់យុវជនជំនាន់ក្រោយ និង ដែលមានមោទកភាពជា Freshie ។ ក្នុងនោះចំណោម អតីត Freshie Girl & Boy ចំនួន ៩ រូប ក៏មានកញ្ញា រ៉េត សារីតា ផងដែរ ។
ការប្រកួតវគ្គជម្រុះបន្តដើម្បីទទួលបានពានរង្វាន់កិត្តិយស Hall of Fame ក្នុងឱកាសគម្រប់ខួបទី ២០ ឆ្នាំ កម្មវិធីប្រកួត Freshie Girl & Boy បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រ កញ្ញា រ៉េត សារីតា ជាច្រើនមានក្តីរំភើប និង បានរំពឹងថាបន្ទាប់ពីការវិលត្រលប់ការប្រកួត Miss Universe 2020 ហើយ រ៉េត សារីតា ក៏អាចនឹងឈ្នះពានរង្វាន់ខាងលើនេះ ក៏ព្រោះតែការចូលរួមបោះឆ្នោតរបស់ពួកគេ ៕