យ៉េយ៉េ រង់ចាំទទួលលទ្ធផលជាថ្មីទាំងបុកពោះ ក្រោយព្យាបាលជំងឺកូវីដ-១៩ ជិតកន្លះខែ
ក្រោយពីទទួលបានការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ តារាកំប្លែងភេទទីបី យ៉េយ៉េ មានអាការល្អប្រសើរឡើងវិញហើយ ពេលនេះនាងកំពុងរង់ចាំលទ្ធផលតេស្តសំណាកជាថ្មីម្តងទៀតទាំងអារម្មណ៍ភិតភ័យ ។
ហាក់ប្រឈមខ្លាំងជាងគេ ព្រោះមិនត្រឹមតែ យ៉េយ៉េ ខ្លួនឯងទេដែលមានវិជ្ជមានកូវីដ-១៩ សូម្បីតែក្រុមគ្រួសារដែលមានសមាជិកដល់ទៅជិត ២០ នាក់ក៏វិជ្ជមានកូវីដ- ១៩ ដែរ ។
អ្វីដែលចាប់អារម្មណ៍ ក្រោយពីទទួលបានការព្យាបាលប្រមាណជាង ១០ ថ្ងៃមក យ៉េយ៉េ បានអះអាងថា បានធូរស្រាលហើយអ្វីដែលធ្វើឱ្យនាងរីករាយនោះគឺក្រុមគ្រួសាររបស់នាង ២ នាក់បានជាសះស្បើយ និង បានត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះវិញកាលពីប៉ុន្មានថ្ងៃមុននេះ ។ ក្រៅពីទទួលបានការលើកទឹកចិត្ត យ៉េយ៉េ ក៏ទទួលបានការផ្តល់ជានំចំណីផ្លែឈើពីសំណាក់មិត្តភក្តិ ដែលកាន់តែធ្វើឱ្យតារាកំប្លែងរូបនេះមានកម្លាំងចិត្តថែមទៀត ។
កាលពីថ្ងៃទី ០៣ ម្សិលមិញនេះ យ៉េយ៉េ ក៏បានបង្ហោះសារដែលមានអត្ថន័យថា «ភ័យណាស់បន្តិចទៀតពេទ្យប្រកាសលទ្ធផលហើយតើត្រូវនៅសម្រាកព្យាបាលបន្ត ឬត្រូវបានជាសះស្បើយទៅផ្ទះ សុំពាក្យជូនពរម្នាក់មួយមក បងប្អូនទាំងអស់គ្នា» ។
ការលើកឡើងរបស់ យ៉េយ៉េ ក៏ទទួលបានការជូនពរ និង ផ្តល់កម្លាំងចិត្តឱ្យនាងឆាប់បានត្រឡប់មកផ្ទះគ្រប់គ្នាពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គម ។ គេចាំបានថា យ៉េយ៉េ បានប្រកាសមានវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២០ កន្លងទៅ ហើយអ្វីដែលគួរឱ្យអាណិតនោះគឺសមាជិកគ្រួសាររបស់នាងចំនួន ១៨ នាក់ទៀតក៏មានវិជ្ជមានដែរ ប៉ុន្តែនាងអះអាងថាឆ្លងពីអ្នកភូមិ ៕
រូបថត ៖ ហ្វេសប៊ុក