តារាចម្រៀង ពៅ ពុំងារ បាត់មុខឈឹងពីសិល្បៈ ឥលូវសុខទុក្ខយ៉ាងណាហើយ?
បើក្រឡេកទៅប្រមាណជាជាង ១០ ឆ្នាំមុន មហាជនអ្នកគាំទ្រនិយមស្តាប់បទចម្រៀងរបស់ក្រុម Classic ដែលមានលោក ហួរ សុផល ជាអ្នកដឹកនាំ ប្រាកដជាបានដឹងហើយពីតារាចម្រៀងជំនាន់នោះ មានដូចជា លោក សុគន្ធ ថេរ៉ាយុ លោក ករុណា ពេជ្រ លោក មង្គល ទីណា អ្នកនាង សាសា អ្នកនាង សុគន្ធ អារីយ៉ា និង អ្នកនាង ពៅ ពុំងារ ជាដើម ។
យ៉ាងណាមិញ ក្រោយពីរំសាយក្រុម និង ចូលផលិតកម្មថ្មីរៀងៗខ្លួនមក គេហាក់បាត់ស្ងាត់សូន្យឈឹង នូវតារាចម្រៀងស្រី ៣ ដួង ខាងលើ ដោយបច្ចុប្បន្នមានតែអតីតតារាចម្រៀងប្រុស ៣ ដួង របស់ផលិតកម្ម Classic ប៉ុណ្ណោះ ដែលតែងបង្ហាញសកម្មភាពនានាក្នុងវិស័យសិល្បៈ ។ យ៉ាងណាមិញ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវតារាចម្រៀងមាឌតូចល្អិត ពៅ ពុំងារ មករំឭកជូនលោកអ្នកឱ្យបានដឹង ។
តារាចម្រៀង ពៅ ពុំងារ ត្រូវបានមហាជនស្រទាប់យុវវ័យកាលកំឡុងឆ្នាំ ២០០០ បាននិយមគាំទ្ររូបនាងយ៉ាងខ្លាំង ព្រោះតែទេពកោសល្យក្នុងវិស័យសិល្បៈទាំងការច្រៀង និង ការសម្តែងផងដែរ ។ លើសពីនោះ ពៅ ពុំងារ ក៏ទទួលបានការចូលចិត្តយ៉ាងច្រើននូវភាពក្រមិចក្រមើម ក៏ដូចជាសម្រស់របស់នាងពីមហាជនទៀតផង ។
ដោយឡែក រហូតមកអំឡុងឆ្នាំ ២០០៥ គេហាក់បាត់ឈឹងតារាស្រីរូបនេះនៅលើវិថីសិល្បៈ ដោយមិត្តក្នុងសង្គមសិល្បៈបានឱ្យដឹងថា ពៅ ពុំងារ បានបញ្ចប់អាជីពនេះ និង សម្រេចចិត្តចូលរោងការ ហើយក្រោយមកក្នុងអំឡុងឆ្នាំ ២០១៧ នាងក៏បានបង្ហាញវត្តមានជាថ្មីក្នុងការបើកសម្ពោធហាងមួយ ។
យ៉ាងណាក៏ដោយ មកដល់ឆ្នាំ ២០២១ បើទោះគេដឹងថា តារាស្រីរូបនេះមានបុត្ររួចមកហើយក្តី ប៉ុន្តែនាងហាក់មិនសូវបង្ហាញសកម្មភាពនានានៅលើបណ្តាញសង្គមនោះទេ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭក ហើយខ្លះទៀតអាចនឹងភ្លេចស្រីស្អាតរូបនេះទៀតផង ៕