Min Pechaya អួលដើមកសឹងស្រក់ទឹកភ្នែក ពេលឮឪពុកនិយាយបែបនេះ លើកដំបូងក្នុងជីវិត
តារាសម្តែងស្រី Min Pechaya ជាតារាសម្តែងស្រីជួរមុខរបស់ថៃមួយរូបដែលមានប្រជាប្រិយភាពខ្លាំង បើទោះបីជាថ្មីៗនេះនាងបានប្រកាសជាផ្លូវការថានាងជាតារាឯករាជបន្ទាប់ពីចប់កុងត្រាជាតារាសម្តែងនៅក្នុងប៉ុស្តិ៍លេខ ៧ ក៏ដោយ ក៏នាងនៅតែទទួលបានប្រជាប្រិយភាពដែរ ។
បើនិយាយពីជីវិតរស់នៅរបស់តារាស្រីរូបនេះ មហាជនតែងតែសរសើរថាជាតារាស្រីមួយរូបដែលកើតនៅក្នុងត្រកូលស្តុកស្តម្ភ រស់នៅក្នុងគំនរប្រាក់ ហើយថែមទាំងជាតារាស្រីដែលមានទេពកោសល្យជាច្រើននៅក្នុងរង្វងើសិល្បៈទៀតផង ។
បើរំលឹកទៅដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ តារាស្រីរូបនេះ បានពោលពាក្យប៉ុន្មានឃ្លា ទាំងរំជួលចិត្តនៅក្នុងកម្មវិធីមួយ ដែលមានពិធីករ Woody សម្របសម្រួលថា ៖ «ប៉ាម៉ាក់ទាំងពីររបស់នាងប្រៀបបានជាដង្ហើម នាងប្រឹងប្រែងសព្វថ្ងៃក៏ព្រោះតែលោកទាំងពីរ ហើយថ្ងៃណាដែលឃើញពួកគាត់នឿយហត់ នាងចង់ធ្វើវាជំនួសគាត់ ហើយប្រសិនបើនាងអាចសុំពរពីទេវតាបាន នាងនឹងសុំឱ្យប៉ារបស់នាងសរសើរនាងឱ្យបានម្តង ព្រោះគាត់មិនដែលសរសើរនាងឡើយមិនថាក្នុងកាលៈទេសៈណាក៏ដោយ» ។
ជាមួយគ្នានឹងនាងពោលពាក្យបែបនោះ ស្រាប់តែពិធីករប្រុសលោក Woody ភ្ជាប់ទូរស័ព្ទទៅកាន់ប៉ារបស់តារាស្រី Min Pechaya ភ្លាមនោះប៉ារបស់នាងក៏និយាយថា៖ «លោកលួចសរសើរកូនខ្លះដែរ ហើយអ្វីដែលលោកបារម្ភនោះគឺការចាប់ផ្តើមដើរលើផ្លូវជីវិតរបស់់កូន គាត់មិនចង់ឱ្យកូនភ្លេចខ្លួន គឺចង់ឱ្យកូនរឹងមាំ មិនចង់ឱ្យការសរសើរមួយនេះធ្វើឱ្យកូនភ្លេចខ្លួនរហូតប្រមាថចំពោះអ្វីដែលកើតឡើងនៅពេលខាងមុខនោះទេ» ៕