អ្នកណាមិនស្គាល់ បងប្អូនត្រកូល រ៉េត កាលពី ២០ ឆ្នាំមុនល្បីខ្លាំង អ្នកគាំទ្រភ្លូកទឹកភ្លូកដី
មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះតន្ត្រីករលោក រ៉េត ធីដូណា បានបង្ហាញរូបភាពអនុស្សាវរីយ៍មួយសន្លឹកនៅក្នុងត្រកូល រ៉េត ដោយរូបភាពនេះកាលជំនាន់បងប្អូនរបស់លោកកំពុងមានទីផ្សារខ្ពស់កាលពី ២០ ឆ្នាំមុន ។
គេចាំបានថាតារាចម្រៀងបីរូបនៅក្នុងក្រុម «3 Power» ទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំ ២០ ឆ្នាំមុន ដោយក្រុមចម្រៀងនោះមានលោក រ៉េត ធីដូណា បងប្រុស និង ប្អូនស្រី តាតា បានធ្វើឱ្យពិភពចម្រៀងកក្រើកខ្លាំងមិនធម្មតាដែរ ។
ជាមួយរូបភាពមួយសន្លឹករំលឹកអតីតកាលនោះ លោក រ៉េត ធីដូណា បានបញ្ជាក់ថា «អាល់ប៊ុមដំបូងរបស់ក្រុមបងប្អូនខ្ញុំនៅផលិតកម្ម Kᕼ ᑭᖇOᗰOTIOᑎ អំឡុងឆ្នាំ ២០០១ និង ២០០២» ។
ក្រោយបង្ហោះរូបភាពមួយសន្លឹកនេះ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដោយអ្នកខ្លះបានលើកឡើងថា ចង់ឃើញបងប្អូនទាំងបីរបស់លោកវិលចូលសិល្បៈឡើងវិញ ព្រោះកន្លងមកអ្នកទាំងបីក៏មានសមត្ថភាពមិនធម្មតាដែរ ជាពីសេសប្អូនស្រីរបស់លោក តាតា តែម្តង ដែលមានទាំងសម្រស់ និង សមត្ថភាព ប៉ុន្តែពេលនេះនាងបញ្ចប់អាជីពនេះទៅហើយ ។
សម្រាប់យុវវ័យក្មេងៗមួយចំនួនក៏បានសម្តែងការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាក្រៅពីតន្រ្តីករដ៏មានសមត្ថភាពម្នាក់លោក រ៉េត ធីដូណា ក៏ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងម្នាក់ដែរ ។
អ្វីដែលកត់សម្គាល់បើប្រៀបធៀបពេលនេះ លោក រ៉េត ធីដូណា មានការប្រែប្រួលជាខ្លាំងជាពិសេសគឺរូបរាងតែម្តង ។ បើទោះមានវ័យច្រើនក៏ពិតមែន ប៉ុន្តែលោក រ៉េត ធីដូណា ហាក់មិនទាន់គិតគូររកភរិយានោះឡើយ ក្រោយពីលោកបានចែកផ្លូវជាមួយតារាចម្រៀងល្បីម្នាក់ជាច្រើនឆ្នាំមក ។ ពេលនេះលោកនៅតែបន្តជីវិតនៅលីវបើទោះបីអតីតគូស្នេហ៍របស់លោកបានរៀបការនិងមានកូនទៅហើយក្តី ៕