Aff Taksaorn ធុញនឹងធ្វើនារីសុភាពទន់ភ្លន់ ប្ដូរមកតែងខ្លួនឡើងកាចចប្លែក
ប្រិយមិត្តដែលស្រឡាញ់តាមដានជីវិតអ្នកសិល្បៈថៃប្រាកដជាបានជ្រាបច្បាស់ហើយថា តារាសម្ដែង Aff Taksaron ធ្លាប់ជួប្រទះជីវិតគ្រួសារបែកបាក់ ដែលធ្វើឱ្យនាងស្ពាយឈ្មោះជាមេម៉ាយកូនមួយ រស់នៅពោរពេញដោយភាពឈឺចាប់ ខូចចិត្តអស់មួយរយៈធំ ទម្រាំតែមកដល់ពេលនេះ នាងអាចត្រលប់មករឹងមាំ ហើយងាកមកចាប់ផ្ដើមជីវិតពីរនាក់កូនស្រីសាជាថ្មី ។
ខណៈការក្រៀមក្រំពីជីវិតអាពាហ៍ពិពាហ៍មិនសមប្រកប ចាប់ផ្ដើមរសាយចេញពីឆាកជីវិតបន្តិចម្ដងៗ តារាសម្ដែង Aff Taksaorn ក៏ចាប់ផ្ដើមងាកមកមើលថែខ្លួនឯង ដោយការតុបតែងខ្លួនស្អាតប្លែកសឹងតែគ្រប់ពេល ជាពិសេសពេលនាងរំលេចខ្លួនចូលរួមក្នុងកម្មវិធីផ្សេងៗរបស់អ្នកសិល្បៈ Aff តែងធ្វើឱ្យមនុស្សជុំវិញខ្លួន តាមសម្លឹងពីភាពទន់ភ្លន់ ចរិតសុភាពរម្យទមរបស់នាងមិនដាក់ភ្នែក ។
យ៉ាងណាមិញ កន្លងមកធ្លាប់តែឃើញអ្នកម៉ាក់រូបស្រស់ Aff តុបតែងខ្លួនបែបសុភាពៗ ស្រាប់តែថ្មីៗនេះ គេសង្កេតឃើញ អ្នកមេម៉ាយខាងលើហាក់ធុញទ្រាន់នឹងស្ទីលដដែលៗ បែរមកផាត់មុខបែបកាចៗ ចំណែកការស្លៀកពាក់ ក៏ដូចជាកាយវិការ ការលេងទឹកមុខពេលថតរូបម្ដងៗ មើលទៅប្លែកខុសពីនាងពីមុនឆ្ងាយ ៕