សុខ សោម៉ាវត្តី ស្ទើរស្រក់ទឹកភ្នែក ពេលឮសម្ដីកូនស្រីមួយឃ្លានេះ
មនុស្សស្រីម្នាក់ៗគ្មានអ្នកណាចង់មានជីវិតគូបែកបាក់នោះទេ តែបើមិនអាចរួមរស់ជាមួយគ្នាបន្តទៀតបាន នោះមានតែសម្រេចចិត្តលះលែងគ្នាដើរផ្លូវរៀងៗខ្លួនប៉ុណ្ណោះ ។
តារាសម្ដែង សុខ សោម៉ាវត្តី ក៏ត្រូវគេដឹងថាជាស្រ្តីមេម៉ាយម្នាក់ដែរ ប៉ុន្ដែទោះបីជាដើរតួនាទីជាឪពុកផង និង ម្ដាយផងតែម្នាក់ឯង តែនាងចិញ្ចឹមបីបាច់ថែរក្សា ផ្ដល់ភាពកក់ក្ដៅឱ្យកូនស្រីបានគ្រប់គ្រាន់ល្អណាស់ ។ នាងតូច Jasmine ជាក្មេងឆ្លាត និង គួរឱ្យស្រឡាញ់ តួយ៉ាងថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក រៀបរាប់ពីភាពឆ្លាតវៃ និង ក្ដីបារម្ភរបស់កូនស្រីចំពោះខ្លួនក្នុងកាលៈទេសៈជំងឺកូវីដ-១៩ កំពុងរាតត្បាតនេះ ខណៈនាងត្រូវចេញមកខាងក្រៅដើម្បីធ្វើការងារផ្គត់ផ្គង់ជីវភាពគ្រួសារ ។
ក្នុងសារនោះ សុខ សោម៉ាវត្តី បានបង្ហើបដល់ពាក្យមួយឃ្លារបស់កូនស្រី ដែលធ្វើឱ្យនាងជាម្ដាយស្ទើរតែស្រក់ទឹកភ្នែក គឺនៅពេលដែលនាងតូចលើកឡើងថា «អូនបារម្ភពីម៉ាក់ និង ម៉ែម៉ែណាស់ (ម៉ាក់យាយគាត់) គាត់ថាខ្លាចម៉ាក់ឆ្លង COVID អូនដឹងតែលែងបានឱបថើបម៉ាក់ហើយ ចេះគិតគូរណាស់ម្ចាស់ជីវិត សំខាន់គាត់ថាតើអូនអាយុប៉ុន្មានទើបចាក់វ៉ាក់សាំងបាន អូនអត់ចង់ឆ្លងទេ អូនចង់ឱ្យអ្នកផ្ទះយើងនៅជុំគ្នា ពាក្យកូនមួយម៉ាត់ៗ ស្ដាប់ហើយម៉ាក់ចង់ហូរទឹកភ្នែក» ៕