ស្រណោះណាស់! វី ឌីណែត រៀបរាប់ពីស្ថានភាពលោក ហួរ ឡាវី បែបនេះ ក្រោយប្រពន្ធស្លា.ប់ចោល
មរណភាពរបស់ម្ដាយតារាចម្រៀង វី ឌីណែត ដោយសារវីរុសកូវីដ-១៩ បានពីពេលកន្លងទៅ បានធ្វើឱ្យសិល្បករ-ការិនីជាច្រើន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅ ស្រណោះស្រណោកកើតក្ដីអាណិតដល់នាង និង ក្រុមគ្រួសារសពជាពន់ពេក ព្រោះថាពេលម្ដាយតារាចម្រៀងស្រីខាងលើទទួលមរណភាព នាងកំពុងព្យាបាលជំងឺកូវីដ-១៩ ហើយសមាជិកគ្រួសារទាំងអស់ក៏កំពុងធ្វើចត្តាឡីស័ក មិនអាចឃើញមុខម្ដាយ ឬប្រពន្ធជាលើកចុងក្រោយបាន ។
មកទល់ពេលនេះ វី ឌីណែត នៅតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រឡាញ់គ្មានថ្ងៃត្រលប់រូបនេះជាខ្លាំងដដែល ដោយជារឿយៗ នាងតែបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះឥតស្រាកស្រាន្តឡើយ ។
តួយ៉ាងថ្មីៗនេះ វី ឌីណែត បានបង្ហោះសារសោកសៅរំឭកពីអ្នកម្ដាយជាថ្មីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលលើកនេះ នាងក៏បានទម្លាយពីស្ថានភាពតារាចម្រៀងជើងចាស់គឺលោក ហួរ ឡាវី ដែលជាឪពុកថា តាំងពីភរិយាបណ្ដូលចិត្តស្លាប់ទៅ គាត់ហាក់ស្រងូតស្រងាត់នឹកដល់ប្រពន្ធគ្មានសល់ថ្ងៃណាឡើយ ។
វី ឌីណែត បានបង្ហោះសារខ្លី តែមានអត្ថន័យធ្វើឱ្យមហាជនជាច្រើនរំជួលចិត្តតាមនាង ថា «ម៉ាក់ហា ផ្កាម៉ាក់ដាំ រីកស្អាតណាស់ ម៉ាក់ដឹងអត់ប៉ាស្រោចទឹកឱ្យរាល់ថ្ងៃ ប៉ាតែងតែអង្គុយមើលផ្កាម៉ាក់ដាំរហូត ហើយប៉ាគាត់ស្រងូតស្រងាត់ណាស់តាំងពីគ្មានម៉ាក់នៅ» ៕