ភ្ញាក់ផ្អើលខ្លាំង ម៉ានីតា សម្រេចចិត្តស្លៀកពាក់សធ្វើរឿងមួយ ក្រោយគូស្នេហ៍បែកចិត្ត
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញតារាចម្រៀង និង សម្តែង ម៉ានីតា បានបង្ហាញរូបភាពនៅក្នុងសម្លៀកបំពាក់ជាដូនជីនៅក្នុងវត្តគល់ទទឹង ។ ក្នុងនោះក៏មានការសង្ស័យថាតារាស្រីរូបនេះខូចចិត្តរឿងស្នេហាទើបសំងំតាំងចិត្តឱ្យស្ងប់នៅក្នុងវត្តបែបនេះ ។
គេចាំបានថាមួយរយៈមុនតារាសម្តែង ម៉ានីតា ទើបនឹងបែកបាក់ស្នេហា ដោយគូស្នេហ៍របស់នាងទៅមានអ្នកទីបីដែលធ្វើឱ្យនាងសម្រេចចិត្តដើរចេញទាំងឈឺចាប់ ។ អ្វីដែលចាប់អារម្មណ៍ស្របពេលថ្មីៗនេះ ម៉ានីតា បង្ហាញរូបភាពក្នុងសម្លៀកបំពាក់ជាដូនជីទៀតនោះ ទើបមានការសង្ស័យថានាងបួសដោយសារខូចចិត្តរឿងស្នេហា ។
ជាការពិត ម៉ានីតា បានទទួលស្គាល់ថា នាងពិតជាបានបួសនៅវត្តគល់ទទឹងពិតមែន ប៉ុន្តែជាការបួសសម្រាប់សងគុណឪពុកម្តាយប៉ុណ្ណោះ ។ ក្នុងនោះតារាសម្តែងរូបស្រស់ម្នាក់នេះបានបង្ហាញអារម្មណ៍ថា «គ្មានគ្រប់ទីកន្លែងណាដែលមានសេចក្តីសុខជាងការស្ងប់ចិត្ត ។ បួសសងគុណលោកអ្នកមានគុណទាំងពីរ និង ធ្វើចិត្តឱ្យស្ងប់ ព្រមទាំងអហោសិកម្មឱ្យសព្វសត្វលោក ដែលមានកម្មទាំងទ្បាយ សងនឹងលាងជម្រះនូវកម្មចាស់ឱ្យអស់ដោយកុំបន្តធ្វើនូវកម្មថ្មីបន្តទៀត» ។
ការលើកឡើងរបស់ ម៉ានីតា ក៏ទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រជាច្រើន តែយ៉ាងណាតារាសម្តែងរូបនេះមិនបានបញ្ជាក់ថា នាងនឹងបួសបែបនេះប៉ុន្មានថ្ងៃនោះទេ ។
ម៉ានីតា គឺជាបងស្រីរបស់តារាសម្តែង ម៉ានីកា ។ ក្រៅពីមានសមត្ថភាពក្នុងការសម្តែង និង ច្រៀងហើយតារាស្រីរូបនេះក៏មានទេពកោសល្យខាងដឹកនាំសម្តែង និង និពន្ធ ដែលកន្លងមកនាងធ្លាប់និពន្ធរឿង «លុយ និង ស្នេហា» ដោយទទួលបានជោគជ័យទៀងផង ៕