ស្រីអយ លែងចាស់ដៃបង្ហាញក្តីស្រឡាញ់របស់ស្វាមី ចំថ្ងៃកំណើតបង្អួតដល់អ្នកច្រណែន
សម្រាប់ខួបកំណើតឆ្នាំនេះរបស់អតីតតារាកំប្លែង ស្រីអយ ដែលពេលនេះស្ពាយងារជាជំទាវទៅហើយនោះ ហាក់មិនបានរៀបចំពិធីអ្វីធំដុំនោះឡើយ ដោយសារឆ្នាំនេះជំងឺកូវីដ-១៩ កំពុងផ្ទុះខ្លាំង ប៉ុន្តែអ្វីដែលប្លែកឆ្នាំនេះអតីតតារាកំប្លែងរូបនេះ បានបើកបង្ហាញពីភាពផ្អែមល្ហែមនៅក្នុងជីវិតគូជាមួយនឹងពាក្យពេចន៍មួយចំនួនដល់អ្នកច្រណែនរូបនាងកន្លងមក ។
ជាមួយនឹងរូបភាពជាច្រើនសន្លឹកជាមួយស្វាមី និង កូនៗអតីតតារាកំប្លែងរូបនេះបានបង្ហោះសារវែងអន្លាយដែលចង់បញ្ជាក់ថា រូបភាពផ្អែមល្ហែមទាំងនេះនាងសុំផ្ញើទៅឱ្យអ្នកដែលច្រណែនរូបនាង ។ មិនតែប៉ុណ្ណោះនាងសុំប្រាប់ថា ប្តីរបស់នាងស្រឡាញ់នាង និង កូនៗខ្លាំងណាស់ ដូច្នេះនាងមិនមានពេលវេលាទៅក្តៅក្រហាយជាមួយអ្នកច្រណែនទាំងនោះទេ ។ ទោះជាយ៉ាងណា ក៏អតីតតារាកំប្លែងរូបនេះមិនបានបង្ហាញចំៗថាសារបែបឌឺដងមួយនេះនាងផ្ញើជូនទៅនរណាឡើយ ។
សម្រាប់ឆ្នាំនេះគឺជាខួបកំណើតគម្រប់អាយុ ៣៧ ឆ្នាំ ស្រីអយ ហើយអ្វីដែលកត់សម្គាល់ បើទោះចាកចេញពីអាជីពសិល្បៈច្រើនឆ្នាំ តែអតីតតារាកំប្លែងរូបនេះនៅតែទទួលបានចាប់អារម្មណ៍ពីសំណាក់មហាជន ជាពិសេសក្រោយពីនាងមានស្វាមីជាអ្នកមានឋានៈនៅក្នុងសង្គម បានធ្វើឱ្យនាងក្លាយជាជំទាវដោយស្វ័យប្រវត្តិ ។ ខ្លះក៏បានលាន់មាត់សរសើរថា ស្រីអយ ពិតជាមានឆ្អឹងអណ្តែតមែន ៕