កំពុងសម្រាកនៅពេទ្យ ឌីជេ ក្តិប ដាក់មួយឃ្លាផ្តាំអ្នកចាំតែជាន់ពន្លិចយ៉ាងចាស់ដៃ
មហាជនអ្នកគាំទ្រ ដែលបានបារម្ភពីសុខភាពរបស់ ឌីជេ ក្តិប កាលពីមួយរយៈពេលកន្លងទៅ ហាក់បានស្រាលចិត្តបន្តិចហើយ ក៏ព្រោះតែលោកបានធ្វើតេស្តរកសំណាកកូវីដ-១៩ ២ ដង គឺ អវិជ្ជមាន នោះ ។ តែយ៉ាងណា ទោះជំងឺនេះមិនបានឆ្លងក៏ពិតមែន ឌីជេ ក្តិប ក៏នៅបន្តសម្រាកព្យាបាលនៅមន្ទីរបង្អែកខេត្តសៀមរាប ដើម្បីតាមដានសុខភាពបន្ត និង ព្យាបាលជំងឺប្រចាំកាយរបស់លោកដោយមានដូចជាជំងឺសួតជាដើមនោះ ។
ក្រោយពីសម្រាកព្យាបាលប្រមាណជា ១ សប្តាហ៍មកហើយ ឌីជេ ក្តិប ហាក់បានធូរស្រាលស្រស់ស្រាយជាងមុនច្រើន បើទោះជាលោកហាក់ស្រកគីឡូជាងមុនបន្តិចមែន ។ នេះបើតាមការឱ្យដឹង និង បង្ហោះរូបភាពនៅលើគណនីហ្វេសប៊ុករបស់ ឌីជេ ក្តិប ។
ដោយឡែក នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ នេះមិនដឹងជាមានបញ្ហាអ្វី ឌីជេ ក្តិប ស្រាប់តែមកបង្ហោះសារមួយឃ្លាយ៉ាងចាស់ដៃ ហាក់ចង់ផ្តាំផ្ញើរទៅដល់បុគ្គលមួយចំនួនដែលកំពុងតែចាំជាន់ពន្លិចរូបលោកនាពេលនេះ ។ សារនោះ ឌីជេ ក្តិប បានរៀបរាប់ថា «ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវចាំថា ក្មេងធ្វើខុសព្រោះវាមិនដឹង ដូច្នេះ!នៅពេលដែលអ្នកដឹងគួរតែជួយពន្យល់បង្ហាញ និង ចង្អុលប្រាប់នូវចំណុចដែលល្អដល់ក្មេងៗជំនាន់ក្រោយតាម ដែលអាចធ្វើបានផង ហើយបើសិនជាអាចឈប់ទៅ អាវប្បធម៌ជាន់ពន្លិចក្តិចត្រួយអីហ្នឹង វាអត់មានបានអីក្រៅពីប្រហោងក្នុងនោះទេ»៕