ក្រោយជាកូវីដ-១៩ សួស វីហ្សា កាន់តែរំភើបចិត្តនូវរឿងដំបូងពេលទៅដល់មុខផ្ទះភ្លែត
កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀង សួស វីហ្សា បានជាសះស្បើយជំងឺកូវីដ-១៩ ហើយ ក្រោយពីសម្រាកព្យាបាលអស់រយៈពេល ១៧ ថ្ងៃមកនោះ ។ ដំណឹងនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ ជាពិសេសក្រុមគ្រួសាររបស់តារាស្រីរូបនេះត្រេកអរយ៉ាងខ្លាំង រហូតដល់លោក ថមមី ស្វាមី របស់ សួស វីហ្សា បានចេញឡានទៅយកភរិយាភ្លាមៗមកកាន់គេហដ្ឋានវិញ ។
ក្រោយពីបានចាកចេញពីកន្លែងព្យាបាល រឿងដំបូងដែលតារាចម្រៀង សួស វីហ្សា បានឃើញផ្ទាល់នៅនឹងមុខពេលទៅដល់មុខគេហដ្ឋាននោះគឺខ្សែហ៊ុមព័ទ្ធចត្តាឡីស័កនៅមុខគេហដ្ឋានរបស់នាងត្រូវបានដកចេញជាស្ថាពរហើយ កាន់តែធ្វើឱ្យនាងរំភើបកាន់តែខ្លាំងបន្ថែមទៀត ។
សួស វីហ្សា បានបង្ហោះសារដំបូងភ្លែតពេលបានទៅដល់គេហដ្ឋានភ្លាមបានរៀបរាប់ថា «ទីបំផុត ថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល ១៧ ថ្ងៃ ក៏ត្រូវបានដោះចេញ ។ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បើយពីជំងឺ កូវីដ-១៩ បានត្រឡប់មកផ្ទះវិញដែរ ។ នាងខ្ញុំសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកពូ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និង លោកស្រី សួស សូលីដា អភិបាលខណ្ឌរង និង មន្រ្តីពាក់ពន្ធ័ ដែលបានចុះមកសួរសុខទុក្ខក្មួយ និង ក្រុមគ្រួសារ ។ ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ !» ។
គួរបន្ថែមថា ទោះជាតារាចម្រៀង សួស វីហ្សា បានជាសះស្បើយ និង ត្រលប់ទៅកាន់គេហដ្ឋានជួបជុំក្រុមគ្រួសារវិញក្តី ប៉ុន្តែនាងនឹងត្រូវធ្វើចត្តាឡីស័កដាក់ខ្លួនតែម្នាក់ឯងបន្តទៀតរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព ៕