នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ មុននេះបន្តិច តារាចម្រៀង សួស វីសា បានបង្ហាះសារយ៉ាងវែងជូនដំណឹងដល់អ្នកគាំទ្រ និង មហាជនឱ្យដឹងថា ពេលនេះនាងបានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ បន្ទាប់ពីបានសម្រាក និង ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅអតីតសណ្ឋាគារអាំងទែកុងទីណុងតាល់ ។
សួស វីសា បានបញ្ជាក់បន្ថែមថា រយៈពេល ១៧ ថ្ងៃគត់ដែលនាងបានសម្រាកព្យាបាល ដោយនាងបានជួយប្រទះរឿងរ៉ាវក្នុងជីវិតមិនធ្លាប់ជួបជាច្រើន ។ ក្នុងពេលបានជាសះស្បើយនេះដែរ តារាចម្រៀង សួស វីសា បានបង្ហាញអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ជាមួយគ្នានោះនាងក៏បានលើកដៃថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ និង ពិសេសក្រុមគ្រូពេទ្យដែលបានខ្នះខ្នែងជួយព្យាបាលនាងរហូតបានជាសះស្បើយត្រលប់ទៅផ្ទះជុំគ្រួសារវិញនេះ ។
តារាចម្រៀង សួស វីសា បានឱ្យដឹងបន្ថែមទៀតថា ទោះបីជានាងបានជាសះស្បើយក្តី ប៉ុន្តែនាងនៅតែបន្តធ្វើចត្តឡីស័កនៅផ្ទះចំនួន ១៤ ថ្ងៃបន្ថែមទៀត ដើម្បូឱ្យច្បាស់ថានាងពិតជាបានជាសះស្បើយមួយរយភាគរយ ។ ងាកមកអ្នកគាំទ្រវិញ ក្រោយទទួលដំណឹងបានជាសះស្បើយរបស់តារាចម្រៀង សួស វីសា នេះ បានធ្វើឱ្យពួកគេសប្បាយចិត្តយ៉ាងខ្លាំង ជាពិសេសគឺក្រុមគ្រួសារ ស្វាមី និង កូនស្រីរបស់តារាចម្រៀងស្រីរូបនេះតែម្តង ៕