ខួបអាពាហ៍ពិពាហ៍ ២៤ ឆ្នាំ ព្រាប សុវត្ថិ ពោលយ៉ាងផ្អែម តែងាកមកភរិយាដាក់មួយឃ្លាផ្ទុះសំណើចតិចអី!
កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហោះរូបភាពថ្ងៃមង្គលការជាច្រើនសន្លឹក និង សារផ្អែមល្ហែមដ៏វែងអន្លាយ ដើម្បីអបអរខួបអាពាហ៍ពិពាហ៍គម្រប់ ២៤ ឆ្នាំ ជាមួយនឹងភរិយា ។ សារនោះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិនសរសើរមិនបានសុភមង្គលដ៏យូរអង្វែងរបស់កំពូលតារាចម្រៀងប្រុសរូបនេះ ។
បើក្រឡេកទៅមើល ភរិយារបស់លោកឯណោះវិញ ក៏មិនបានភ្លេចថ្ងៃនៃការចាប់ផ្តើមជីវិតក្នុងនាមជាប្តីប្រពន្ធរបស់ខ្លួនដែរ លោកស្រី ឡុង ស្រីមុំ ភរិយារបស់លោក ព្រាប សុវត្ថិ ក៏បានបង្ហោះរូបភាពមួយសន្លឹកក្នុងថ្ងៃមង្គលជ័យ ដើម្បីអបអរថ្ងៃអាពាហ៍ពិពាហ៍ដូចគ្នាដែរ ។
រូបភាពមួយសន្លឹកជាការចងចាំមិនអាចភ្លេចបាន ភរិយាលោក ព្រាប សុវត្ថិ បង្ហោះនោះ ក៏រ៉ូមែនទិចមិនចាញ់ស្វាមីប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍នោះ គឺសារមួយឃ្លាដែលលោកស្រីបានសរសេរនោះ នៅពេលអានហើយហាក់រំភើបចិត្តនឹងក្តីស្រឡាញ់មិនប្រែរបស់គូស្នេហ៍មួយគូនេះបន្តិច និង អស់សំណើចបន្តិច ។
សារនោះ លោកស្រីបានរៀបរាប់ថា «រូបភាពផ្អែមល្ហែមជំនាន់ Titanic កំពុងល្បី» ដោយស្តាប់ទៅពិតជាប្លែកខ្លាំង ក៏ព្រោះតែលោកស្រីរកនឹកឃើញប្រៀបធៀបខ្លួន និង ស្វាមី ដូចទៅនឹង Jake និង Rose ក្នុងរឿង Titanic ៕