កែវ ចាន់និមល ប្រាប់ពីស្ថានភាពបែបនេះ ទោះជាសះស្បើយពីជំងឺកូវីដ-១៩
នេះជាលើកដំបូងដែលពិធីការិនី កែវ ចាន់និមល បានចេញមុខឡាយវីដេអូចែករំលែកបទពិសោធ ក៏ដូចជាអរគុណដល់មហាជន និង មិត្តភក្តិទាំងអស់ដែលបានជួយផ្តល់កម្លាំងចិត្តដល់រូបនាងកន្លងមកឱ្យតតាំងជាមួយជំងឺកាចសាហាវមួយនេះ បន្ទាប់ពីនាងបានជាសះស្បើយ ។
បើទោះជាទទួលស្គាល់ថាពេលនេះបានជាពីជំងឺកូវីដ-១៩ ប៉ុន្តែ កែវ ចាន់និមល បានបញ្ជាក់ថា នាងមិនទាន់មានសុវត្ថិភាពនៅឡើយទេ ព្រោះត្រូវយកសំណាកពិនិត្យម្តងទៀតដើម្បីឱ្យប្រាកដចំពោះលទ្ធផល ហើយបើទោះលទ្ធផលអវិជ្ជមាន ក៏នាង និង ក្រុមគ្រួសារចង់នៅសម្រាកបន្តបន្ថែមទៀត ។
អ្វីដែលគួរឱ្យអាណិតពិធីការិនីរូបនេះបានត្អូញត្អែរថា ពេលនេះសុខភាពរបស់នាងមិនទាន់មាំទាំមកវិញនៅឡើយទេ ពោលគឺនាងនៅអស់កម្លាំងហើយបើញ៉ាំអ្វីខុសនាងនឹងត្រូវរមាស់កក្អកភ្លាមៗតែម្តង ហើយនាងក៏មិនទាន់ប្រាកដថា ពេលណានឹងអាចត្រឡប់មកធ្វើការងារដូចមុននោះឡើយ ។
កែវ ចាន់និមល បានអះអាងទៀតថា ជំងឺនេះពិតជាកាចសាហាវណាស់ ហើយសម្រាប់នាងផ្ទាល់ប្រសិនបើមិនមានការផ្តល់កម្លាំងចិត្តពីសំណាក់មិត្តភក្តិ និង មហាជនទាំងអស់ទេ នាងស្ទើរតែបោះបង់ចោលម្តងៗទៅហើយ ។ សម្រាប់នាងគិតថា ការប្រឹងប្រែងកន្លងមកប្រែជាអត់ន័យ ក្រោយពីក្លាយទៅជាអ្នកជំងឺកូវីដ-១៩ ។
ចុងក្រោយ កែវ ចាន់និមល ក៏សំណូមពរឱ្យមានការប្រកាន់ខ្ជាប់ចំពោះ ៣ ការពារ និង ៣កុំ កុំប្រហែសសូម្បីតែមួយវិនាទី ហើយមិនត្រូវមើលស្រាលជំងឺកូវីដ-១៩ ទេ ពិតជាគ្រោះថា្នក់ខ្លាំងណាស់ ។ គួរបញ្ជាក់ផងដែរថា ក្រៅពី កែវ ចាន់និមល ក៏មានស្វាមី កូនស្រី ឪពុកម្តាយ និង ប្អូនស្រី ដែលមានជំងឺកូវីដ-១៩ ប៉ុន្តែពេលនេះអ្នកទាំងនោះបានជាះស្បើយ និង កំពុងបន្តធ្វើចត្តាឡីស័កនៅផ្ទះផងដែរ ៕