សួស វីហ្សា រលីងរលោងទឹកភ្នែក ព្រោះឃើញ ពេជ្រ សោភា ធ្វើបែបនេះពេលកំពុងព្យាបាលកូវីដ
អ្នកនៅក្នុងរង្វង់សិល្បៈ ក៏ដូចជាប្រិយមិត្តភាគច្រើនដែលស្រឡាញ់គាំទ្រវិស័យសិល្បៈ ច្បាស់ណាស់ថាប្រាកដជាដឹងថា កំពូលតារាចម្រៀង ពេជ្រ សោភា និង សួស វីហ្សា គឺជាតារាចម្រៀងរួមទ្រនំ ប៉ុន្ដែជឿជាក់ថា ប្រិយមិត្តមួយចំនួនធំមិនបានជ្រាបច្បាស់នៅឡើយទេថា តារាចម្រៀងស្រីដ៏ល្បីល្បាញពីររូបនេះ មានទំនាក់ទំនងពិសេសនឹងគ្នាប្រៀបដូចជាបងប្អូនបង្កើត ។
ទើបតែថ្មីៗនេះ តារាចម្រៀង សួស វីហ្សា បានទម្លាយទំនាក់ទំនងពិសេសជាមួយ ពេជ្រ សោភា តាមរយៈសារមួយ បង្ហាញឱ្យឃើញថា ពួកគេទាំងពីរពិតជាជិតស្និទ្ធនឹងគ្នាខ្លាំងណាស់ ដោយ ពេជ្រ សោភា ប្រៀបដូចជាបងស្រីម្នាក់របស់ សួស វីហ្សា ដែលនៅចាំផ្ដល់កម្លាំងចិត្តដល់នាងគ្រប់ពេលវេលា ហើយមិនថាមានរឿងលំបាក ឬមិនសប្បាយចិត្តអ្វីនោះទេ កំពូលតារាស្រីរូបនេះ តែងជាកម្លាំងចិត្តមួយផ្នែកដ៏ធំសម្រាប់នាងជានិច្ច ជាពិសេសក្នុងកំឡុងពេលដែល សួស វីហ្សា កំពុងព្យាបាលជំងឺកូវីដ-១៩ តែម្ដង ។
សួស វីហ្សា បានរៀបរាប់ទាំងអារម្មណ៍រំភើបចំពោះ ពេជ្រ សោភា ថា «អរគុណខ្លាំងណាស់បងស្រីដ៏សែនល្អ តាំងតែពីដើមមកគាត់នេះហើយតែងតែល្អជាមួយខ្ញុំណាស់ គាត់ចូលចិត្តជួយគេ និង ចូលចិត្តធ្វើឱ្យគេឯងសប្បាយគ្រប់គ្នា កន្លងមកខ្ញុំមិនដែលបង្ហាញទេ តែថ្ងៃនេះខ្ញុំសុំបង្ហោះម្តងឱ្យបងប្អូនបានដឹងថាគាត់នេះហើយជាកម្លាំងចិត្តខ្ញុំមួយផ្នែកធំ គាត់តែងលួងពេលខ្ញុំយំ គាត់ចូលចិត្តនិយាយធ្វើឱ្យសើច គាត់តែងតែឆាតមក Good morning Good night ដាក់ខ្ញុំរហូត គ្រាន់តែឮថាខ្ញុំឆ្លង COVID-19 គាត់កាន់តែយកចិត្តទុកដាក់ ទិញថ្នាំឱ្យខ្ញុំគ្រប់មុខតាំងពីមិនទាន់មកពេទ្យ រហូតមកដល់ពេទ្យហើយក៏គាត់នៅតែបារម្ភសួរនាំ អរគុណបងស្រីណាស់ និង ម៉ាក់អ៊ំ (ម៉ាក់គាត់) ដែលតែងតែលើកទឹកចិត្តខ្ញុំរហូតមក ហើយខោអាវនេះគ្រាន់តែដឹងថាខ្ញុំស្រឡាញ់ គាត់សុខចិត្តទិញហើយយកទៅបោកភ្លាមដើម្បីយកមកឱ្យ ហើយខំជិះទៅទិញបាច់ផ្កាទុកស៊ូប្រាយ ហើយខំជិះយកមកឱ្យដល់ពេទ្យព្យាបាល COVID-19 ទៀត.. ថ្ងៃនេះគាត់ធ្វើស៊ីខ្ញុំសាហាវណាស់ អរគុណអ្នករួមគំនិត Tommy Realស្ងាត់បានល្អណាស់ គ្មានអ្វីក្រៅពីអរគុណទេបងស្រី និង ម៉ាក់អ៊ំ» ៕