ទីបំផុត រឿងប្តូរឈុតតំណាងជាតិយ៉ាងទាន់ហន់ ត្រូវបានទម្លាយហើយ តាមពិតគឺបែបនេះសោះ!
កៀកនឹងដល់ថ្ងៃប្រកួតកម្មវិធី Miss Universe ទៅហើយ ស្រាប់តែកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចង្កោមអ្នកគាំទ្រកម្មវិធី Miss Universe កម្ពុជា ព្រោះមានការផ្លាស់ប្តូរឈុតតំណាងជាតិសាជាថ្មី ដោយប្ដូរពីឈុត «ល្ខោនតុក្កតាខ្មែរ» ឬ «ឈុតអាយ៉ងខ្មែរ» រចនាឡើងពីលោក បូរ៉ា ទៅជាឈុតទេពរួបរួមដែលឆ្នៃដោយ លោក មាស គួន ជាអ្នករចនាម៉ូតធ្លាប់បំពាក់លើអតីតបវរកញ្ញា លឹម សាំងលី វិញ សម្រាប់ការប្រកួតលើឆាកអន្តរជាតិ ។
ក្រោយពីការផ្លាស់ប្ដូរភ្លាមៗរួចមក រឿងរ៉ាវនេះពិតធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងអំពីមូលលហេតុដែលឈានទៅដល់ការផ្លាស់ប្ដូរយ៉ាងប្រញាប់ប្រញាល់បែបនេះ ទាំងដែលឈុតមួយនោះ ធ្លាប់បានលាន់មាត់សរសើរគ្រប់គ្នាពីសំណាក់មហាជនអ្នកគាំទ្របវរកញ្ញាឯកកម្ពុជា ។
បើយោងតាម លោក មែ៉ន និមលរ័ត្ន អ្នកគ្រប់គ្រងកម្មវិធីប្រកួត Miss Universe Cambodia បានចេញមកបញ្ជាក់ក្នុងការឡាយលើគណនីហ្វេសប៊ុកផេករបស់លោកថា ចំពោះមូលហេតុនៃការផ្លាស់ប្តូរគឺដោយសារពេលថតរូបជាផ្លូវការ គឺឈុត «ល្ខោនតុក្កតាខ្មែរ» ឬ «ឈុតអាយ៉ងខ្មែរ» មានបញ្ហា និង ខ្វះខាតខ្លះ ដែលតម្រូវឱ្យច្នៃម៉ូដបន្ថែមទៀតដើម្បីឱ្យកាន់តែប្រសើរឡើង ។
តែដោយសារកៀកថ្ងៃប្រកួតខ្លាំង លោក បូរ៉ា ដែលជាអ្នកច្នៃម៉ូដឈុត «ល្ខោនតុក្កតាខ្មែរ» ឬ «ឈុតអាយ៉ងខ្មែរ» បារម្ភថាមិនអាចច្នៃទាន់ការប្រកួត ។ ដូច្នេះបន្ទាប់ពីការពិភាក្សាយ៉ាងល្អិតល្អន់រវាងអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជា រួមជាមួយលោក បូរ៉ា និង លោក មាឃ គួន ពួកលោកក៏សម្រេចថានឹងយកឈុត «ទេពរួបរួម» ច្នៃម៉ូដដោយលោក មាឃ គួន យកទៅប្រកួតនៅការប្រកួត Miss Universe 2020 នៅសហរដ្ឋអាមេរិកវិញ ព្រោះឈុត «ទេពរួបរួម» ជាឈុត Best National Costume Miss Universe Cambodia ។ ជាមួយគ្នានេះ លោក មាឃ គួន នឹងច្នៃម៉ូដបន្ថែមទៀតឱ្យឈុតនេះកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ដោយមានការចូលរួមជួយពីលោក បូរ៉ា អ្នករចនាម៉ូដ «ល្ខោនតុក្កតាខ្មែរ» ឬ «ឈុតអាយ៉ងខ្មែរ» ផងដែរ ៕