មានទឹកចិត្តណាស់! ស៊ូ ណាណេ ចង់ទៅកម្ពុជាក្រោមបង្ហាត់សិល្បៈ តែព្រួយចិត្តរឿងមួយ
ចុងក្រោយនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញតារាចម្រៀង ស៊ូ ដាណេ បានធ្វើរឿងមួយចំនួនក្នុងការថែរក្សាវប្បធម៌ដោយការបំផុសនូវការ រាំរបាំ យីកេ ល្ខោនបាសាក់ ជាដើមដើម្បីឱ្យយុវវ័យជំនាន់ក្រោយបានដឹង ។
ស៊ូ ដាណេ ត្រូវបានគេចាត់ទុកជាតារាចម្រៀងពហុជំនាញមិនធម្មតាដែរ ព្រោះនាងមានសមត្ថភាពច្រើនដែលមានទាំងការរាំរបាំ ច្រៀងយីកេ ល្ខោនបាសាក់ និង ច្រៀងសម័យរួមទាំងការសម្តែងរឿងផងដែរ ។ លេចមុខជាថ្មី ស៊ូ ដាណេ កាន់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ ដោយនាងបានបង្ហាញនូវការរាំរបាំជាច្រើនប្រភេទរួមជាមួយនឹងការស្មូត ច្រៀងអាយ៉ៃ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាដើម ។ ការធ្វើបែបនេះគឺក្នុងគោលបំណងឱ្យយុវវ័យមានការចាប់អារម្មណ៍ចំពោះវប្បធម៌ទាំងនេះដែលស្ទើរតែបាត់បង់ទៅហើយ ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ តារាចម្រៀង ស៊ូ ដាណេ ថែមទាំងមានបំណងចង់នាំយកនូវវប្បធម៌ខ្មែរទាំងនេះទៅចែករំលែកឱ្យបងប្អូនខ្មែរនៅកម្ពុជាក្រោមផងដែរ ។
តារាចម្រៀង ស៊ូ ដាណេ បានបង្ហោះសារដែលមានអត្ថន័យថា «ចង់ទៅកម្ពុជាក្រោមមួយខែបង្ហាត់សិល្បៈខ្មែរដល់កូនខ្មែរ ប៉ុន្តែងងឹតឈឹងមិនដឹងថាធ្វើម៉េចបានទៅ ហើយមានកន្លែងណាស្នាក់? នរណាព្រមទទួល? សាហ៊ុយនៅឯណា? » ការលើកឡើងរបស់ ស៊ូ ដាណេ បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនសរសើរនូវទឹកចិត្តដ៏ទូលាយរបស់នាងដែលមានឆន្ទះបែបនេះ ៕