ជ័យ សុវ៉ាត ធីបចោលការងារសិល្បៈ មកស្លៀកឈុតអាវសទ័ពជួរមុខកម្ចាត់កូវីដវិញ
ក្រៅពីតារាចម្រៀង លោក ជ័យ សុវ៉ាត ក៏មានអាជីពយ៉ាងសំខាន់មួយនេះដែរ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងវ័យក្មេងរូបនេះសុខចិត្តច្រានចោលការងារសិល្បៈដើម្បីងាកមកធ្វើការងារដ៏សំខាន់មួយនេះនៅក្នុងកំឡុងពេលជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងក្នុងប្រទេស ។
មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីថ្មីៗនេះគេបានឃើញតារាចម្រៀងប្រចាំផលិតកម្មសានដេលោក ជ័យ សុវ៉ាត បានបង្ហាញរូបភាពក្នុងឈុតសម្លៀកបំពាក់ជាគ្រូពេទ្យ ដោយក្នុងនោះតារាចម្រៀងរូបនេះបាននិយាយថា « អរគុណបងៗតាមស្ថានីយតែងតែខលហៅប្អូនឡើងកម្មវិធី តែប្អូនជាប់បំពេញការងារទប់ស្កាត់ជំងឺកូវីដហើយ ដើម្បីប្រទេសឆាប់បានសប្បាយវិញកុំភ្លេច ៣ កុំ និង ៣ ការពារ» ។ ជាមួយនឹងការលើកឡើងរបស់លោក ជ័យ សុវ៉ាត បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការរំភើបនឹងទឹកចិត្តរបស់លោកហើយក៏បានជូនពរឱ្យលោកជោគជ័យនៅក្នុងការងារជាវីរៈបុរសអាវស និងមានសុខភាពល្អទៀតផង ។
បើតាមការលើកឡើងពេលនេះលោក ជ័យ សុវ៉ាត បានឱ្យដឹងថា ពេលនេះលោកកំពុងបំពេញការងារនៅមណ្ឌល EDC ទួលសង្កែ ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះបានបង្ហាញការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាក្រៅពីតារាចម្រៀងលោកក៏មានជំនាញជាគ្រូពេទ្យបែបនេះសោះ ។ ក្នុងនោះតារាចម្រៀងរូបសង្ហានេះបានតបថា លោកធ្វើជាគ្រូពេទ្យយូរហើយគ្រាន់តែមិនសូវដែលបង្ហាញជាចំហតែប៉ុណ្ណោះ ៕