តេស្តលើកទី១ អវិជ្ជមានមែន សុខ ស្រីលក្ខ័ណ៍ នៅតែបុកពោះបារម្ភកូនតូច ខណៈកំពុងធ្វើចត្តាឡីស័ក
បើទោះបីជាសុខភាពនៅក្នុងក្រុមគ្រួសារមិនមានបញ្ហាអ្វីក៏ពិតមែន តែតារាចម្រៀង សុខ ស្រីលក្ខ័ណ៍ ដែលជាប្អូនស្រីរបស់ សុខ សីឡាលីន នៅតែមានការព្រួយបារម្ភ ជាពិសេសចំពោះសុខភាពកូនស្រីតូចរបស់ខ្លួន ។
គេចាំបានថាក្រោយពីបងប្រុសមានវិជ្ជមានកូវីដ-១៩ សុខ ស្រីលក្ខ័ណ៍ ក៏ដូចជាសមាជិកនៅក្នុងក្រុមគ្រួសារបានធ្វើតេស្តសំណាកជាលើកទីមួយលទ្ធផលគឺសមាជិកក្នុងគ្រួសារសុទ្ធតែអវិជ្ជមានទាំងអស់ ។ ទោះជាយ៉ាងនេះក្តីក្រុមគ្រួសាររបស់ សុខ ស្រីលក្ខ័ណ៍ នៅបន្តធ្វើចត្តាឡីស័ក និង តាមដានសុខភាពជាបន្តទៀត ។ អ្វីដែលធ្វើឱ្យ សុខ ស្រីលក្ខ័ណ៍ ហាក់មិនស្ងប់ចិត្តនោះគឺនាងមានការបារម្ភចំពោះសុខភាពឪពុកម្តាយ ជាពិសេសកូនស្រីតូចរបស់នាងតែម្តង ប៉ុន្តែយ៉ាងណាក៏មានការជូនពរ និង បួងសួងសុំឱ្យ ក្រុមគ្រួសាររបស់នាងជៀសផុតពីជំងឺរាតត្បាតមួយនេះ ។
ជាមួយនឹងការថ្លែងអំណរគុណដល់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រ សុខ ស្រីលក្ខ័ណ៍ បានអះអាងថា នឹងព្យាយាមតាមដាន និង ថែទាំសុខភាពរបស់ខ្លួនឱ្យបានដិតដល់ ដើម្បីរង់ចាំការធ្វើតេស្តសំណាកជាលើកទី ២ ជាបន្តទៀត ។ ជាចុងក្រោយតារាចម្រៀងរូបនេះក៏បួងសួងសុំឱ្យជំងឺកូវីដ-១៩នេះ ឆាប់រលាយផុតពីពិភពលោកនេះនៅក្នុងពេលឆាប់ៗនេះ ៕