ចូលពេទ្យព្យាបាលកូវីដអស់ ១០ ថ្ងៃហើយ ធែល ថៃ ស្ងាត់ឈឹង ធ្វើឱ្យអ្នកគាំទ្របារម្ភខ្លាំង
ខណៈកំពុងព្យាបាលជំងឺកូវីដ-១៩ តារាចម្រៀង ធែល ថៃ មិនបានបង្ហាញពីអាការសុខភាពរបស់ខ្លួនជាចំហដូចមិត្តភក្តិសិល្បៈដទៃទៀតឡើយ ដែលកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រជាច្រើនបារម្ភពីសុខភាពរបស់លោកជាខ្លាំង ។
បើគិតមកដល់ពេលនេះរយៈពេលប្រមាណជា ១០ ថ្ងៃហើយដែលតារាចម្រៀង ធែល ថៃ បានផ្ទុកជំងឺកូវីដ-១៩ ហើយរហូតមកដល់ថ្ងៃនេះ គេមិនទាន់បានដឹងថាសុខភាពលោកមានការប្រែប្រួលបែបណានោះឡើយ ព្រោះលោកមិនបានចែករំលែក ឬ បង្ហាញរូបភាពនៅតាមបណ្តាញសង្គមនោះដែរ ។ ទោះបីជាយ៉ាងនេះក្តីក៏មានការជូនពរពីសំណាក់អ្នកគាំទ្រឱ្យតារាចម្រៀង ធែល ថៃ ឆាប់បានជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ ។
លោក ធែល ថៃ បានចូលសម្រាកនៅក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ២៣ កន្លងទៅ ខណៈកាលណោះក្រុមគ្រួសាររបស់លោកកំពុងធ្វើចត្តាឡីស័ក ។ រហូតមកដល់ថ្ងៃទី ០២ នេះគេសង្កេតឃើញតារាក្នុងផលិតកម្មមួយនេះ បានជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ និង កំពុងធ្វើចត្តាឡីស័កដែលមានដូចជា វី ឌីណែត កែវ ចាន់និមល សុគន្ធ និសា លោក អេកូ វ៉ាក់សង លោក លី ស៊ីនហួន និង លោក ណុប បាយ៉ារិទ្ធ ជាដើម ។ អ្វីដែលជាដំណឹងរីករាយនោះ ពេលនេះតារាជាច្រើនក៏បានបង្ហាញវត្តមាននៅក្នុងកម្មវិធីប្រគំតន្ត្រីនៅតាមកញ្ចក់ទូរទស្សន៍ហង្សមាសឡើងវិញផងដែរ ៕