ជិត ១ ខែនេះ វី ឌីណែត ជួបរឿងអួអាប់ក្នុងជីវិតច្រើន ថែមទាំងបាត់បង់ម្តាយជាទីស្រឡាញ់ រហូតនាងផ្តាំរឿងនេះ
រយៈពេលប្រមាណជាជិត ១ ខែ មកហើយ បើគិតចាប់តាំងពីថ្ងៃរកឃើញជំងឺកូវីដ-១៩ កំឡុងពេលសម្រាកព្យាបាល និង ក្រោយជាសះស្បើយនោះ តារាចម្រៀង វី ឌីណែត មិនទាន់បានចេញក្រៅបន្ទប់ធ្វើចត្តាឡីស័កនៅឡើយនោះទេ ។
ជិត ១ ខែនេះហើយ វី ឌីណែត ក៏បានជួបប្រទះនូវរឿងរ៉ាវជាច្រើន ដែលនាងមិនធ្លាប់បានជួប និង បានធ្វើនូវរឿងដែលនាងមិនធ្លាប់បានធ្វើទៀតផង ។ សូម្បីតែមនុស្សជាទីស្រឡាញ់ គឺអ្នកម្តាយនាងក៏ត្រូវបានបាត់បង់ក្នុងកំឡុងពេលជិត ១ ខែ នេះដូចគ្នា ។
វី ឌីណែត បានរៀបរាប់រឿងរ៉ាវដែលនាងបានជួបថា «រយៈពេលជិតមួយខែហើយ ដែលខ្ញុំមិនអាចធ្វើអ្វីបានច្រើន ក្រៅពីស្ដាប់ចម្រៀង មើលរឿង អានសៀវភៅ ញ៉ាំបាយ គេង ហាត់ប្រាណបានតែតិចៗ ។ ជិតមួយខែ ដែលគ្មានបានធ្វើការដែលខ្លួនស្រឡាញ់ ជិតមួយខែដែលខ្ញុំបានបាត់បង់មនុស្សជាទីស្រឡាញ់ ។ ជិតមួយខែ ដែលខ្ញុំបានត្រឹមអង្គុយអើតតាមបង្អួចមើលមកក្រោម ។ រយៈពេលជិតមួយខែនេះ គឺជាមេរៀនដែលផ្ដាំទៅបងប្អូនទាំងអស់គ្នា សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ សូមចាំ ៣ កុំ ៣ ការពារ» ៕