រួមស្នាដៃដំបូងជាមួយ វណ្ណ ដា លោកតា គង់ ណៃ ផ្តាំផ្ញើរឿងដ៏សំខាន់មួយដល់យុវជនជំនាន់ក្រោយ
ត្រឹមរយៈពេល ២៤ ម៉ោង បទចម្រៀងថ្មីរបស់តារាចម្រៀងរ៉េបវ័យក្មេង វណ្ណ ដា ដែលបានចាប់ដៃគូច្រៀងជាមួយនឹងព្រឹទ្ធាចារ្យលោកតា គង់ ណៃ ក្នុងបទ «Time to Rise» បានធ្វើឱ្យមហាជនក្មេងចាស់ប្រុសស្រី ទាំងជាតិ និង អន្តរជាតិកោតសរសើរយ៉ាងខ្លាំង នូវស្នាដៃរួមបញ្ជូលគ្នារវាងតន្ត្រីសម័យ និង បុរាណ ដោយមានទាំងចាប៉ីដងវែងទៀតនោះ ។ លើសពីនោះ ត្រឹម ២៤ ម៉ោង បទចម្រៀងខាងលើនេះ មានអ្នកចូលទស្សនាដល់ទៅជាង ១ លាននាក់មកហើយ ។
ដោយឡែក បើក្រឡេកមកមើលព្រឹទ្ធាចារ្យលោកតា គង់ ណៃ ឯនេះវិញ ក្រោយពីបានចាប់ដៃគ្នាជាលើកដំបូងក្នុងនាមជាវីរសិល្បករតន្រ្តីបុរាណផ្នែកចាប៉ី ជាមួយនឹងតន្ត្រីសម័យរបស់ផលិតកម្មបារមីហើយនោះ លោកតាបានបង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ។
ទន្ទឹមនឹង ក្តីរំភើបដោយការរួមច្របាច់នៃតន្ត្រីបុរាណ និង សម័យនោះ លោកតា គង់ ណៃ ក៏បានបន្ថែមទៀតថា លោកតាពិតជាសូមសរសើរ នៃការព្យាយាមផលិតតន្ត្រីសម័យរបស់យុវវ័យជំនាន់ក្រោយ ប៉ុន្តែក្នុងនោះលោកតា គង់ ណៃ ក៏បានផ្តាំផ្ញើដល់យុវវ័យ ចៅៗ និង សិល្បករជំនាន់ក្រោយថា សូមអភិវឌ្ឍន៍បន្តនូវតន្ត្រីសម័យ តែអភិរក្សតន្ត្រីបុរាណផង ពោលគឺសូមកុំបោះបង់ចោល ។
លោកតា បានបន្ថែមថា សូមឱ្យយុវជនជំនាន់ក្រោយ អភិរក្សឱ្យបាននូវតន្ត្រីបុរាណ ដោយមានដូចជា ចាប៉ី អាប៉េ បាសាក់ យីកេរ អាយ៉ៃ ល្ខោនស្បែក ក៏ដូចជាតន្ត្រីបុរាណជាច្រើនទៀតផងនោះ ៕