ទប់ទឹកភ្នែកមិនបាន ផន សុផារី និពន្ធបទចម្រៀងជាពិសេសផ្ញើជូន វី ឌីណែត (វីដេអូ)
ក្រៅពីមានសមត្ថភាពក្នុងការសម្តែងល្ខោនបានយ៉ាងស័ក្តិសមហើយ ផន សុផារី ក៏ចេះនិពន្ធបទចម្រៀងបានយ៉ាងពីរោះ ។ យ៉ាងណាមិញថ្មីៗនេះ ផន សុផារី បាននិពន្ធបទចម្រៀងមួយបទជូនដល់តារាចម្រៀង វី ឌីណែត ជាពិសេសដើម្បីឧទ្ទិសបទចម្រៀងនេះជូនដល់អ្នកម្តាយរបស់ វី ឌីណែត ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីមួយរយៈមុន ។
«កូវីដប្រល័យម្តាយខ្ញុំ» គឺជាចំណងជើងបទចម្រៀងដែល ផន សុផារី បាននិពន្ធ និង ច្រៀងជូនជាពិសេស សម្រាប់តារាចម្រៀង វី ឌីណែត ។ ក្នុងនោះ ផន សុផារី បានបង្ហោះសារដែលមានអត្ថន័យថា «ជូនចំពោះ កញ្ញា វី ឌីណែត និង ក្រុមគ្រួសារ នាងខ្ញុំសូមឧទ្ទិសកុសលតាមរយៈបទនេះជូនអ៊ំស្រី ដែលបានចាកឆ្ងាយលែងត្រឡប់ដោយជំងឺកូវីដ-១៩ និង សូមផ្ញើជូនសិល្បករសិល្បការិនី និង បងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ទាំងអស់ ។ សង្ឃឹមថាចម្រៀងមួយបទនេះចូលរួមចំណែកក្នុងការដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយត្ន័ និង សូមមេត្តាអនុវត្តនូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារ ផងចុះ» ។
ជាមួយនឹងអត្ថន័យបទចម្រៀងដ៏លន្លង់លន្លោចនោះ បានធ្វើឱ្យមហាជនជាច្រើនទប់ទឹកភ្នែកមិនបាន ។ មហាជនខ្លះក៏បានសរសើរដល់ទឹកដមសំឡេងរបស់ ផន សុផារី នៅក្នុងបទបុរាណនេះផងដែរ ។
គួរបញ្ជាក់ថា ម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅក្នុងអាយុ ៦២ ឆ្នាំដោយជំងឺកូវីដ-១៩ ក្រោយពីអ្នកស្រីបានសម្រាកនៅមន្ទីរពេទ្យមួយរយៈ ។ អ្វីដែលគួរឱ្យអាណិតនោះ វី ឌីណែត មិនត្រឹមតែមិនបានឃើញមុខអ្នកម្តាយជាចុងក្រោយប៉ុណ្ណោះ សូម្បីតែពិធីបុណ្យសពអ្នកម្តាយក៏នាងមិនបានចូលរួមទៀតផង ។ ចង់ដឹងថា បទចម្រៀងរបស់ ផន សុផារី មានអត្ថន័យបែបណាតោះទៅស្តាប់ទាំងអស់គ្នា ៕