នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបងប្រុសតារាចម្រៀង សុខ សីឡាលីន រកឃើញឆ្លងវីរុសកូវីដ-១៩ ដែលធ្វើឱ្យអ្នកគាំទ្រតារាស្រីរូបនេះជាច្រើន ព្រួយបារម្ភចំពោះសុខភាពនាង និង ក្រុមគ្រួសាររបស់នាងដែលរស់នៅផ្ទះជាមួយគ្នាយ៉ាងខ្លាំង ។
ខណៈមហាជនកាន់តែផ្ទុះការព្រួយបារម្ភ ស្រាប់តែតារាចម្រៀង សុខ សីឡាលីន បានចេញមុខបញ្ជាក់តាមរយៈបណ្ដាញសង្គមថា បងប្រុសរបស់នាងឈ្មោះ សុខ សុធារិទ្ធ ហៅ ឌីន ត្រូវបានឡានពេទ្យមកទទួលយកទៅព្យាបាលហើយក្រោយរកឃើញមានឆ្លងកូវីដ-១៩ ដែលក្នុងនោះ ក្រុមគ្រួសាររបស់នាងទាំងអស់ក៏បានយកសំណាករួចរាល់ហើយដែរ ពោលគឺរង់ចាំតែលទ្ធផលប៉ុណ្ណោះ ។
ក្នុងសារដដែល សុខ សីឡាលីន បានលើកឡើង នាងមិនសូវជាព្រួយបារម្ភចំពោះសុខភាពខ្លួនឯងប៉ុន្មានទេ ព្រោះថានាងបានចាក់វាក់សាំងចំនួន ២ ដងរួចរាល់ហើយ ម្យ៉ាងវិញទៀត នាង និង ប្អូនស្រីបានរស់នៅផ្ទះខាងមុខ ដាច់ដោយឡែកពីបងប្រុស ប៉ុន្ដែរឿងដែលនាងព្រួយបារម្ភខ្លាំងបំផុតនោះគឺ សុខភាពរបស់ឪពុកម្ដាយនាង ព្រោះថាពួកគាត់ទាំងពីររស់នៅផ្ទះខាងក្រោយជាមួយបងប្រុសនាងដែលបានរកឃើញឆ្លងកូវីដ-១៩ នោះ ។
បច្ចុប្បន្នផ្ទះរបស់តារាចម្រៀង សុខ សីឡាលីន ត្រូវបានបិទជាបណ្ដោះអាសន្ន តែឃ្លាចុងក្រោយដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ នាងបានរៀបរាប់ថា «នេះហើយលទ្ធផលដែល 7-8 នាក់គេនៅផ្ទះ ហើយម្នាក់ដើរហើរមិនគិតខ្លាចក្រែងអាណិតអ្នកផ្ទះ 3កុំ 3ការពារណាបងប្អូន» ៕