ក្តៅៗ ភរិយា និង កូនស្រី អ្នកនិពន្ធល្បី ជុំ ប៊ុនធឿន ឆ្លងកូវីដ-១៩
នៅរសៀលថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ តាមការឲ្យដឹងពីតារាសម្តែង លោក ឃុត សុវណ្ណសុធារ័ត្ន បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា បច្ចុប្បន្នភរិយា និង កូនស្រីពៅ របស់អ្នកនិពន្ធល្បីឈ្មោះលោក ជុំ ប៊ុនធឿន មានអាស័យដ្ឋានរស់នៅខណ្ឌឫស្សីកែវ បានឆ្លងកូវីដ និង កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ តាំងពីកំឡុងថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ។
តារាសម្តែង ឃុត សុវណ្ណសាធារ័ត្ន ដែលត្រូវជាអ្នកស្និទ្ធស្នាលក្រុមគ្រួសាររបស់ លោកស្រី ប្រាក់ ផល្លី ភរិយាអ្នកនិពន្ធ ជុំ ប៊ុនធឿន ដែលបានទទួលមរណភាពកាលពីឆ្នាំ ២០០៧ បានឲ្យដឹងថា «បច្ចុប្បន្ន ភរិយាអ្នកនិពន្ធល្បីរូបនេះ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរុស្ស៊ី និង ដាក់អ៊ុកស៊ីសែន ព្រោះអាការធ្ងន់នៃជំងឺកូវីដ-១៩ ក្នុងវ័យប្រមាណជា ៥៨ ឆ្នាំ ។ រីឯកូនស្រីពៅរបស់លោក ដែលមានអាយុ ២៦ ឆ្នាំ កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យរបេង» ។
ក្នុងនោះ តារាសម្តែងប្រុសខាងលើបានបញ្ជាក្យដឹងថា «មូលហេតុ ដែលលោកចង់ចែកចាយដំណឹងការអាការ និង ស្ថានភាពជំងឺ របស់ភរិយា និង កូនស្រី របស់លោក ជុំ ប៊ុនធឿន ក៏ព្រោះតែជីវភាពរបស់លោកស្រី គឺខ្វះខាតដោយកន្លងមកអ្នកនៅក្នុងរង្វង់សិល្បៈមិនបានដឹងឡើយ ក្រោយពីលោក ជុំ ប៊ុនធឿន បានស្លាប់ទៅ ហើយដំណឹងនេះ លោកក៏សង្ឃឹមថា សិល្បករសិល្បការិនី និង អ្នកដែលធ្លាប់ស្គាល់លោក ជុំ ប៊ុនធឿន អាចជួយដល់ក្រុមគ្រួសារនេះផងដែរ» ។
គួរឲ្យដឹងថា បន្ទាប់ពីអ្នកនិពន្ធ ជុំ ប៊ុនធឿន បានទទួលមរណភាពកាលពីកំឡុងឆ្នាំ ២០០៧ លោកស្រី ប្រាក់ ផល្លី ត្រូវក្លាយជាស្ត្រីម៉េម៉ាយ និង រ៉ាប់រងការចិញ្ចឹមបីបាច់កូនចំនួន ៣ នាក់ និង ម្តាយផងដែរ ។ ក្រោយមកជាអកុសល កូនស្រីរបស់លោកស្រីម្នាក់ បានទទួលមរណភាពនៅឆ្នាំ ២០០៨ ក្រោយឪពុកលាចាកលោកបានមួយឆ្នាំ ហើយបន្ទាប់មកម្តាយបង្កើតរបស់លោកស្រី ប្រាក់ ផល្លី ក៏ត្រូវបានទទួលមរណភាពនៅឆ្នាំ ២០១០ បន្ត ដោយនេះជាហេតុដែលធ្វើឲ្យលោកស្រីជួបទុក្ខលំបាកជាបន្តបន្ទាប់ ។ បច្ចុប្បន្ន លោកស្រី នៅសល់កូនប្រុស ១ នាក់ និង ស្រី ១នាក់ ដោយ កូនប្រុសរស់នៅខេត្តមិនអាចមកជួបម្តាយ និង ប្អូនស្រីបាន ក៏ព្រោះតែជំងឺកូវីដ-១៩ ៕