ប៉ែន ស្រីពេជ្រ បានត្រឹមតែមើលស្វាមីពីចម្ងាយ តែមិនទាន់ហ៊ានក្បែរ
បើទោះបីជាស្វាមី ប៉ែន ស្រីពេជ្រ បានជាសះស្បើយពីជំងឺកូវីដ-១៩ និង បានចេញពីមន្ទីរពេទ្យក៏ពិតមែន ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័កជាបន្តទៀត ដូច្នេះ ប៉ែន ស្រីពេជ្រ បានត្រឹមតែមើលមុខស្វាមីជាទីស្រឡាញ់ពីចម្ងាយតែប៉ុណ្ណោះ ។
ដ្បិតចត្តាឡីស័កនៅផ្ទះក៏ពិតមែន តែស្វាមី ប៉ែន ស្រីពេជ្រ មិនបានស្នាក់នៅជាមួយនាងឡើយ ពោលគឺស្នាក់នៅផ្ទះមួយផ្សេងទៀតគ្រាន់តែនៅជាប់គ្នាតែប៉ុណ្ណោះ ។ ទោះមិនទាន់អាចស្នាក់នៅជាមួយគ្នាតែពិធីការិនីរូបនេះបានបង្ហាញភាពរីករាយជាខ្លាំងក្រោយពីបានឃើញស្វាមីជាសះស្បើយពីជំងឺកូវីដ-១៩ បែបនេះ ប៉ុន្តែយ៉ាងណាពេលនេះនាង ក៏ដូចជាស្វាមីនៅតែបន្តអនុវត្តតាមសេចក្តីណែនាំ ៣ ការពារ និង ៣ កុំរបស់រាជរដ្ឋាភិបាល ។ ដោយឡែកសម្រាប់សុខភាព ប៉ែន ស្រីពេជ្រ វិញក៏ល្អជាធម្មតា ក្រោយពីនាងបានចត្តាឡីស័កចំនួន ១៨ ថ្ងៃមក ។
ប៉ែន ស្រីពេជ្រ ត្រូវបានគេចាត់ទុកថាមានសំណាងគួរសមខណៈស្វាមីរបស់នាងមានផ្ទុកវិជ្ជមានកូវីដ-១៩ តាំងពីថ្ងៃទី ១២ កន្លងទៅ ប៉ុន្តែសម្រាប់នាងគឺលទ្ធផលតេស្តសំណាកអវិជ្ជមានជាបន្តបន្ទាប់ ហើយកាលពីថ្ងៃទី ២៧ កន្លងទៅ ប៉ែន ស្រីពេជ្រ ក៏ត្រូវបានអជ្ញាធរអនុញ្ញាតឱ្យមានឱកាសបានចេញទៅធ្វើការ និង ប្រកបរបរជាធម្មតាឡើងវិញ ៕