ធ្លាប់តែឃើញក្នុងកុន! ជួបផ្ទាល់ ទឹម រដ្ឋា រំភើបស្រក់ទឹកភ្នែកពេលមិត្តប្រុសលុតជង្គង់សុំរៀបការ
កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ តារាសម្តែង និង បង្ហាញម៉ូដ ទឹម រដ្ឋា ទើបតែធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរពីចំណងស្នេហ៍របស់នាង ជាមួយនឹងមិត្តប្រុសក្នុងថ្ងៃខួបស្នេហាគម្រប់ ៥ ឆ្នាំ របស់ពួកគេ ។
ដោយឡែក កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ អ្វីដែលកាន់តែធ្វើឱ្យ ទឹម រដ្ឋា ក៏ដូចជាអ្នកលេងបណ្តាញសង្គមកាន់តែរំភើបចិត្តដល់ទំហំស្នេហ៍របស់នាងទៀតនោះ គឺមិត្តប្រុសរបស់ ទឹម រដ្ឋា បានជូនចិញ្ចៀនសុំនាងរៀបការ នៅមុខក្រុមគ្រួសារ មិត្តភក្តិ យ៉ាងមានសុភមង្គល និង រ៉ូមែនទិកយ៉ាងខ្លាំង ។
ក្រោយពីទទួលបានចិញ្ចៀនសុំរៀបការពីមិត្តប្រុស ទឹម រដ្ឋា បានបង្ហោះសាររៀបរាប់ពីអារម្មណ៍ដ៏រំភើបក្តុកក្តួលនឹកស្មានមិនដល់របស់នាងថា «វាស្ទើរតែមិនជឿ ថាវាអាចកើតឡើងនៅក្នុងជិវិតពិតដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង តែឥលូវវាបានក្លាយជាការពិតហើយ ! មនុស្សជាទីស្រឡាញ់ និង អ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយ និងពិភពលោកដ៏ស្រស់ស្អាតអើយ ពេលនេះខ្ញុំបានទទួលការសុំរៀបការពីម្ចាស់បេះដូងខ្ញុំហើយ Jovany Antonio ។ គាត់នឹងចូលមកធ្វើជាចំណែកនៃជីវិតរបស់ខ្ញុំ និងមើលថែគ្នាទៅវិញទៅមក ។ កូនសូមអរគុណប៉ា Tim Vanna ដែលអនុញ្ញាតឱ្យបុរស់ម្នាក់នេះមើលថែកូន ហើយកូនសុំទោសដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឱកាសបង្ហាញការពាក់ចិញ្ចៀន និងភាពរីករាយបូករួមទាំងសេចក្ដីសុខដែលកូនកំពុងមានជាមួយដៃគូអនាគតរបស់កូនដូចដែលម៉ាក់ធ្លាប់ចង់ឃើញឱ្យម៉ាក់បាន ។ កូនមហាសែនសោកស្ដាយ និងសុំទោសម៉ាក់ ដែលរឿងនេះវាកើតយឺតពេល! កូនដឹងថាអ្នកម្ដាយនៅតែតាមថែរក្សាកូន និង ក្រុមគ្រួសាររហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត» ៕