សួន ពិសិដ្ឋ កំពុងបុកពោះខ្លាំង ចាំអ៊ុតមើលលទ្ធផលលើកទី ៣ ក្រោយប៉ះស្និទ្ធ សួស វីសា
បើទោះសុខភាពមិនទាន់មានអាការអ្វីក៏ដោយ តែពេលនេះអ្នកនិពន្ធបទចម្រៀងលោក សួន ពិសិដ្ឋ បានបន្តធ្វើតេស្តសំណាកជាលើកទីបីបន្តទៀតកាលពីថ្ងៃទី ២៦ ម្សិលមិញនេះ ហើយសម្រាប់លទ្ធផលបែបណានោះលោកមិនទាន់ដឹងនៅឡើយទេ ។
គួរបញ្ជាក់ផងដែរថា លោក សួន ពិសិដ្ឋ បានពាក់ព័ន្ធដោយផ្ទាល់ជាមួយតារាចម្រៀង សួស វីសា កាលពីថ្ងៃទី ០៦ កន្លងទៅដោយអ្នកទាំងពីរបានថតបទចម្រៀង និង សម្តែងរួមគ្នាសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ អ្វីដែលចាប់អារម្មណ៍បន្ទាប់ពី សួស វីសា បានធ្វើតេស្តជាលើកទីបីដោយមានផ្ទុកកូវីដ-១៩ នោះ ពេលនេះលោក សួន ពិសិដ្ឋ ដែលជាអ្នកពាក់ព័ន្ធបានបន្តធ្វើចត្តាឡីស័ក និង បានធ្វើតេស្តជាលើកទីបីកាលពីថ្ងៃទី ២៦ ម្សិលមិញនេះ ហើយបើតាមការលើកឡើងរបស់លោកលទ្ធផលនឹងបានដឹងនៅ ៧២ ម៉ោងក្រោយ ។ មានការជូនពរពីសំណាក់មិត្តភក្តិក្នុង និង ក្រៅសិល្បៈឱ្យលោក សួន ពិសិដ្ឋ មានសុខភាពល្អជៀសផុតពីជំងឺរាតត្បាតមួយនេះ ។
ដើម្បីឱ្យប្រាកដក្នុងចិត្ត ចុងក្រោយនេះតារាជាច្រើនបានធ្វើតេស្តសំណាករកមេរោគកូវីដ-១៩ ដល់ទៅ ៣ ដងស្ទើរគ្រប់គ្នា ។ លោក សួន ពិសិដ្ឋ បានឱ្យដឹងថា ក្នុងពេលនេះលោកបានផ្អាកការងារជាច្រើនដោយរួមទាំងការងាររកស៊ីដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែលោកបានយកពេលវេលាទាំងនេះមកមើលថែទាំរុក្ខជាតិនៅផ្ទះឃើញថាស្រស់ស្រាយមួយបែប ។ ក្នុងពេលនេះដែរ លោក សួន ពិសិដ្ឋ ក៏បានមើលថែសុខភាពតាមរយៈការហាត់ប្រាណជាប្រចាំទទួលទាន វីតាមីនសេ តែ ខ្ញី ក្រូចឆ្មារ រួមនឹងការខ្ពុរមាត់ជាមួយទឹកអំបិលជាទៀងទាត់ផងដែរ ៕