ទើបដឹងលទ្ធផលស្វាមី សុគន្ធ និសា ក្រោយនាងសម្រាកព្យាបាលកូវីដ-១៩ បានជាង ១០ ថ្ងៃ
រហូតមកដល់ពេលនេះរយៈពេលជាង ១០ ថ្ងៃហើយដែលតារាចម្រៀង សុគន្ធ និសា បានឆ្លងកូវីដ-១៩ និង បានចូលសម្រាកព្យាបាលនៅអតីតសណ្ឋាគារអ៊ិនធើកុងទីណង់តាល់ ។ អ្វីដែលចាប់ អារម្មណ៍ក្នុងនោះក៏មានការបារម្ភចង់ដឹងពីសុខភាពស្វាមីរបស់នាងលោក ចៅ សម្បត្តិ ផងដែរ ។
ចាប់តាំងពីចូលសម្រាកព្យាបាលកូវីដ-១៩ រហូតមកដល់ពេលនេះ សុគន្ធ និសា មិនទាន់បានចេញមុខនិយាយពីអាការរបស់ខ្លួនដល់អ្នកគាំទ្រនោះទេ ប៉ុន្តែយ៉ាងណានាងក៏ទទួលបានការជូនពរ និង លើកទឹកចិត្តពីសំណាក់មិត្តភក្តិ ក៏ដូចជាមហាជនឱ្យឆាប់មានសុខភាពល្អជាសះស្បើយពីជំងឺនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅតែមានការចង់ដឹងថាតើស្វាមីរបស់នាងលោក ចៅ សម្បត្តិ ខណៈកន្លងមកសមាជិកក្នុងគ្រួសាររបស់នាងម្នាក់ក៏មានវិជ្ជមានកូវីដ-១៩ ដែរ ។
ទាក់ទងនឹងបញ្ហានេះដែរ ថ្មីៗនេះបើតាមបងថ្លៃរបស់ ឱក សុគន្ធកញ្ញា ដែលត្រូវគេស្គាល់ថាជាម្ចាស់ហាងលក់កាបូបតាមអនឡាញម្នាក់ បានឆ្លើយតបនៅក្នុងឡាយវីដេអូជាមួយមហាជននៅក្នុងថ្ងៃទី ២៣ នេះថា ស្វាមីរបស់ សុគន្ធ និសា មិនមានវិជ្ជមានកូវីដ-១៩ ទេ ពោលគឺលោកមិនបានឆ្លងពី សុគន្ធ និសា ជាភរិយាឡើយ ។ ការលើកឡើងរបស់បងថ្លៃ ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍ថាធូរទ្រូង និង ជូនពរឱ្យ សុគន្ធ និសា ក៏ដូចជាអ្នកជំងឺដទៃទៀតឆាប់ជាពីជំងឺដ៏កាចសាហាវមួយនេះ ៕