
មិនចាំយូរ ផន ស្រីខួច ចេញមុខបកស្រាយរឿងភ្លាម ក្រោយគេល្បីថាឆ្លងកូវីដ-១៩
ស្របពេលតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាសមានវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់នោះ ផន ស្រីខួច ត្រូវបានគេល្បីថាមានកូវីដ-១៩ នេះ ធ្វើឱ្យអ្នកគាំទ្រក៏ដូចជាមិត្តភក្តិជាច្រើនសុទ្ធតែមានការបារម្ភគ្រប់គ្នា ។
ដើម្បីឱ្យកាន់តែច្បាស់ និង ជៀសវាងការយល់ច្រឡំ ពេលនេះ ផន ស្រីខួច បានចេញមុខតាមរយៈការបង្ហោះសារដែលមានអត្ថន័យថា «នាងខ្ញុំ ផន ស្រីខួច សូមជម្រាបសួរពុកម៉ែបងប្អូន និង ហ្វេនៗជាទីគោរពស្រឡាញ់ទាំងអស់គ្នា សូមជម្រាបជូនថាឥលូវនេះឃើញថាកំពុងតែមានការយល់ច្រឡំជាខ្លាំងមកលើរូបនាងខ្ញុំថានាងខ្ញុំកើតជំងឺកូវីដ-១៩ ។ នាងខ្ញុំសូមធ្វើការបកស្រាយជូនថា នាងខ្ញុំមិនមានផ្ទុកជំងឺកូវីដ-១៩ ទេ ។ រីឯសុខភាពគឺល្អធម្មតា ហើយនាងខ្ញុំនឹងទៅធ្វើតេស្តបន្តជាលើកទី ២ នៅថ្ងៃស្អែកនេះ លទ្ធផលយ៉ាងណានោះនាងខ្ញុំនឹងជម្រាបជូនតាមក្រោយ ។ អរគុណដល់បងប្អូនមិត្តៗ និង ហ្វេនៗទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភ និង ឆេតមកជាហូរហែ»។
បើទោះបីជាលើកឡើងថាសុខភាពប្រក្រតីក៏ពិតមែនតែ ផន ស្រីខួច ក៏មិនខុសពីតារាចម្រៀងដទៃដែរ ពេលនេះនាងនៅបន្តធ្វើចត្តាឡីស័ក និង រង់ចាំធ្វើតេស្តសំណាក់ជាលើកទីពីរទាំងអារម្មណ៍ភ័យអរ បុកពោះ ៕