បេនី យ៉ាំង ដេកភ័យបុកពោះរាល់យប់ ព្រោះមានមិត្តឆ្លងកូវីដ-១៩ ម្នាក់ធ្លាប់ទៅផ្ទះនាង ហើយចូលដល់បន្ទប់គេងទៀត
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីបានឃើញ បេនី យ៉ាំង បានរៀបរាប់ឱ្យដឹងថា មានមិត្តភក្តិឆ្លងកូវីដ-១៩ ម្នាក់ធ្លាប់បានមកលេងផ្ទះនាងកន្លងទៅនេះ ធ្វើឱ្យនាងតក់ស្លុតយ៉ាងខ្លាំង ។
បេនី យ៉ាំង បានរៀបរាប់នៅក្នុងការឡាយវីដេអូថាជារៀងរាល់ពេលមានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ម្តងៗ នាងតែងមានការរៀបចំផែនការ និង ឃុំគ្រងសមាជិកគ្រួសារពីជំងឺមួយនេះ មិនថានៅក្នុងផ្ទះ ឬ នៅក្នុងហាងទាំងបីរបស់នាងនោះទេ ។ អ្វីដែលធ្វើឱ្យនាងមានវិប្បដិសារី នោះគឺនាងបានអនុញ្ញាតឱ្យមិត្តភក្តិមកលេងផ្ទះ ហើយថែមទាំងបានចូលគេងនៅក្នុងបន្ទប់របស់នាងទៀតផង លុះរំលងមិនប៉ុន្មានក៏ដឹងដំណឹងថាម្នាក់នោះមានវិជ្ជមានកូវីដ-១៩ ធ្វើឱ្យនាង និង ក្រុមគ្រួសារបានធ្វើការឃុំខ្លួននៅក្នុងផ្ទះគ្រប់គ្នា ។ ជាពិសេសរូបនាងផ្ទាល់តែម្តង ដោយបានប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ប៉ុន្តែអ្វីដែលនាងបារម្ភនោះគឺក្នុងផ្ទះមានមនុស្សចាស់គឺលោកតានាងតែម្តង ។
ទោះបីជាយ៉ាងនេះក្តី បេនី យ៉ាំង បានលើកឡើងថា ពេលនេះសុខភាពរបស់នាងល្អជាធម្មតា ហើយនាងក៏បានធ្វើតេស្តសំណាកចំនួនពីរដង និង រង់ចាំធ្វើតេស្តជាលើកទីបី ដើម្បីឱ្យបានប្រាកដក្នុងចិត្តហើយបច្ចុប្បន្ននាងក៏កំពុងឃុំខ្លួននៅក្នុងបន្ទប់ផងដែរ ។ ក្នុងនោះ បេនី យ៉ាំង បានបន្ថែមទៀតថា មូលហេតុដែលនាងមិនមានអាការឆ្លង ដោយសារនាងបានធ្វើអនាម័យបានល្អដោយគ្រាន់តែភ្ញៀវចេញផុតភ្លាមនាងបានបាញ់អាល់កុលនៅក្នុងបន្ទប់ លើពូក និង កន្លែងដែលគាត់បានប៉ះពាល់ភ្លាមៗផងដែរ ។ ក្រៅពីនេះអាចថារាងកាយនាងរឹងមាំដោយការសារជារឿយៗនាងតែងញ៉ាំផ្លែឈើមានជាតិជូរជាប្រចាំដូចជាផ្លែក្រូច ជាដើម ។
ចុងក្រោយ បេនី យ៉ាំង ក៏បានសំណូមពរឱ្យអ្នកដែលមានអាការសង្ស័យថាខ្លួនមិនស្រួលគួរ តែកុំដើរផ្តេសផ្តាស ។ យ៉ាងណាមិញដូចជាភ្ញៀវដែលបានមកលេងផ្ទះនាងជាដើម ដឹងថាខ្លួនមានអាការមិនស្រួល ហើយនៅតែមិនអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ៣ ការពារ និង ៣ កុំ នោះទេ ៕