
ក្រោយ សុខនី លាចាកលោក ម៉ា ច័ន្ទបញ្ញា ស្រាប់តែរំឭករឿងឱ្យខ្ចីលុយ ១០០ ដុល្លារ ហើយលើកឡើងពី សុខនី បែបនេះ!
មហាជនផ្ទុះការអាណិតខ្លោចចិត្តនិយាយមិនចេញ ក្រោយឃើញយុវជន ហម សុខនី បានដេកស្លាប់នៅក្នុងបន្ទប់ជួលអភ័ព្វតែម្នាក់ឯងគត់ គ្មានសូម្បីតែគ្រួសារសាច់ញាតិ ឬ មិត្តភក្តិស្និតស្នាលណាម្នាក់នៅក្បែរខ្លួនមុនពេលផុតដង្ហើមទាល់តែសោះ ។
លើសពីនោះ អ្វីដែលកាន់តែធ្វើឲ្យមហាជនកាន់តែសោកសង្រេគដល់យុវនជនខាងលើនេះទៀតនោះ ក៏ព្រោះតែការបង្ហោះសារនៅលើបណ្តាញសង្គមពីបុគ្គលជាច្រើន ជាពិសេសក៏មានឃើញសិល្បករសិល្បការិនីដែរនោះ បានឲ្យដឹងថា យុវជន ហម សុខនី គឺជាយុវជនមួយរូបដែលស្រឡាញ់ការរៀនសូត្រ និង ឲ្យតម្លៃអ្នកចេះដឹង ហើយយុវជនមួយរូបនេះក៏ធ្លាប់បានចូលរួមការងារសង្គមដោយស្ម័គ្រចិត្តជាច្រើន ។ លើសពីនោះ យុវជនរូបនេះក៏ជាអ្នកនិពន្ធមួយរូប ធ្លាប់បានចេញស្នាដៃសៀវភៅមានចំណងជើងថា «រឹងមាំ» ។
ដោយឡែកក្រឡេកមកមើលតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ឯណោះ ដែលជាអ្នកធ្លាប់ស្គាល់យុវជន ហម សុខនី ក៏បានបង្ហោះសារសោកស្តាយការបាត់បង់ធនធានមួយរូបនេះដូចគ្នាដែរ ។ ម្យ៉ាងវិញទៀត ម៉ា ច័ន្ទបញ្ញា បានបង្ហោះពាក្យសោកស្តាយ រហូតធ្វើឲ្យលោកគេងមិនលក់ ព្រោះលោកធ្លាប់បានយល់ច្រឡំរឿងមួយដល់យុវជនរូបនេះ កាលពេលនៅមានជីវិតទៀតផង ។
សារដ៏វែងអន្លាយលោក ម៉ា ច័ន្ទបញ្ញា បានរៀបរាប់ថា «សុខនី ផុតហើយ! ក្មេងដែលចង់រៀនសូត្រ ស្រឡាញ់ការសិក្សាឱ្យតម្លៃលើអ្នកចេះដឹង ជាអ្នកគាំទ្រដ៏កម្សត់ម្នាក់របស់ខ្ញុំ។ មួយយប់ទៅហើយ ដែលខ្ញុំនៅនឹកអាណិតប្អូនម្នាក់នេះ ដោយមិនដឹងខ្លួនមិនអស់ចិត្ត ។ សុខនី ដើម្បីរៀនសូត្រធ្លាប់ខ្ចីលុយខ្ញុំ ១០០$ ដោយបង្ខំចិត្ត ហើយដោយពុំមានលទ្ធភាព គ្នាចេះតែមិនហ៊ាននិយាយប្រាប់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាប់យល់ច្រឡំនឹងគ្នាថាគេចវេស តែពេលដែលរឿងទាំងនេះកើតឡើង ខ្ញុំក៏ពិចារណាថា ឱតាមពិតគ្នាខ្វះខ្លាំង ខ្វះរហូតធ្វើឲ្យខ្ញុំសង្វេគ ។ ខ្ញុំស្គាល់ប្អូននេះ ប្រមាណ ៥ ទៅ ៦ ឆ្នាំ ហើយ ។ គ្នា ចាត់ទុកខ្ញុំជាអាយដល ។ ខ្ញុំក៏ធ្លាប់ផ្ដល់ការងារឲ្យគ្នា បានបទពិសោធខ្លះៗដែរ ។ ទើបតែជួបគ្នានៅក្រុមហ៊ុន BabyOutlet ថ្ងៃមុន !ជាលើកចុងក្រោយ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំយ៉ាងអាណោចអាធ័មថាគ្នាស្លាប់ក្នុងបន្ទប់ជួល ដោយខ្វះឈាម របេង និង ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។ ជាងនេះទៅទៀត គ្មានសាច់ញាតិណាបានដឹងឮពីដំណឹងនេះឡើយ ។ អាប្អូនអើយ អហោសិកម្មឲ្យបងផង ។ លុយ ១០០$ នោះ បងសូមចូលបុណ្យប្អូន ហើយបងនឹងថែមលុយខ្លះៗថែមទៀតដល់ប្អូន ។ សូមឱ្យជាតិក្រោយឯងអាយុវែង បានរៀនសូត្រចប់គ្រប់។ កុំឱ្យអភ័ព្វដូចជាតិនេះ» ។
ចុងក្រោយ ម៉ា ច័ន្ទបញ្ញា ក៏បានបញ្ជាក់ពីមូលហេតុដែលលោក បង្ហោះសារយ៉ាងវែងខាងលើនេះថា «សូមអធ្យាស្រ័យអ្នកនៅទីនេះផង ដោយខ្ញុំបង្ហោះរឿងទុក្ខសោកពីប្អូនម្នាក់នេះ តែដោយសេចក្ដីនឹកអាណិត និង ចង់បង្ហាញឲ្យក្មេងៗដទៃខំប្រឹងរៀនសូត្រដូចប្អូន ខ្ញុំក៏សម្រេចចិត្តបង្ហាញអត្ថបទនេះឡើង»៕