ទឹកដោះម្ដាយថ្លៃ! ឆន សុវណ្ណារាជ បង្ហាញលទ្ធផលតេស្តកូវីដ-១៩ លើកចុងក្រោយ លទ្ធផលបែបនេះ
គិតមកត្រឹមថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ គឺរយៈពេលប្រមាណជា ១០ ថ្ងៃហើយ ដែលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ បានកំពុង និង ដាក់ខ្លួនធ្វើចត្តាឡីស័កក្រោយពីបានធ្វើតេសសំណាករកជំងឺកូវីដ-១៩ បន្ទាប់ពីមិត្តក្នុងរួមផលិតកម្មមួយចំនួនបានឆ្លងជំងឺនេះ ។
មហាជនអ្នកគាំទ្រនៅចាំបានថា កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ លោក ឆន សុវណ្ណារាជ បានប្រកាសការទទួលបានលទ្ធផលតេស្តលើកទី ១ គឺលោកអវិជ្ជមានកូវីដ-១៩ ហើយមកដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ លទ្ធផលតេស្តរបស់លោកលើកទី ២ ក៏អវិជ្ជមានដូចគ្នាដែរ ។
ដោយឡែក នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញ អ្វីដែលបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ដល់តារាចម្រៀងប្រុសរូបនេះ ក៏ព្រោះតែលទ្ធផលតេស្តលើកទី ៣ ពោលគឺលើកចុងក្រោយរបស់លោកបានចេញមកហើយ គឺ ឆន សុវណ្ណារាជ ទទួលបានលទ្ធផលអវិជ្ជមានដូចដើម ។
ក្នុងនោះ ក្រោយពីទទួលបានដំណឹងល្អនេះហើយ មហាជនអ្នកគាំទ្រចូលរួមត្រេកអរដល់លោក ឆន សុវណ្ណារាជ ជាច្រើន ។ រីឯ លោក ឆន សុវណ្ណារាជ បានបញ្ជាក់ថា លោក នឹងបន្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ ថ្ងៃ និង ធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕