ឡាយ សម្ផស្ស រង់ចាំលទ្ធផលតេស្តសំណាកទាំងបុកពោះ ខណៈចេញរោគសញ្ញាគួរឱ្យបារម្ភ
តារាសម្តែងរូបរាងតូចច្រឡឹង ឡាយ សម្ផស្ស បានបង្ហាញអារម្មណ៍អន្ទះសា ក្រោយពីលទ្ធផលតេស្តសំណាករបស់នាងតាំងពីថ្ងៃទី ១៤ កន្លងមកមិនទាន់បានទទួលលទ្ធផលនៅឡើយ ប៉ុន្តែយ៉ាងណាពេលនេះនាងកំពុងធ្វើចត្តាឡីស័កនៅផ្ទះ ។
ដោយសារមិនទាន់ទទួលបានលទ្ធផលទើប តារាសម្តែង ឡាយ សម្ផស្ស ហាក់មានអារម្មណ៍មិនស្ងប់ ព្រោះពេលនេះនាងកំពុងមានរោគសញ្ញាស្រដៀងជំងឺរលាកផ្លូវដង្ហើមមួយនេះ ។ ឡាយ សម្ផស្ស បានបង្ហោះសារតាមបណ្តាញសង្គមថា «ដោយមានការសង្ស័យពីអាការ ខ្ញុំបានពិនិត្យសំណាករួចរាល់ហើយនៅថ្ងៃទី ១៤ ។ សម្រាប់ពេលនេះ សុខភាពខ្ញុំ ឈឺក្បាល ក្តៅខ្លួន ឈឺក ពិបាកដកដង្ហើមបន្តិចបន្តួច…ពេលនេះខ្ញុំកំពុងតែនៅដាច់ដោយឡែក រយៈពេល ១៤ ថ្ងៃ ហើយលទ្ធផលពិនិត្យសំណាកយ៉ាងណានោះ នៅមិនទាន់ដឹងលទ្ធផលពីក្រុមគ្រូពេទ្យនៅឡើយ ចាំដំណឹងមិនហ៊ានចេញទៅណាទេ ។ អរគុណសម្រាប់ការ សួរសុខទុក្ខខ្ញុំ»។
ដ្បិតមានការបារម្ភខ្លះៗដោយសារមានរោគសញ្ញាស្រដៀង កូវីដ-១៩ ក្តីតែ ឡាយ សម្ផស្ស បានលើកឡើងថា នាងនឹងរឹងមាំយកឈ្នះជំងឺនេះឱ្យបាន ។ ឡាយ សម្ផស្ស គឺជាពិធីការិនី និង តារាសម្តែង ម្នាក់ដែលលេចមុខនៅក្នុងការសម្តែងរឿងជាច្រើនផងដែរ ៕