
ពុទ្ធោ! ភ្លឹក ៣ខែ ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង ឆាន់តែអំបុក និង ទឹកដូងទេ
ប្រិយមិត្តភាគច្រើនប្រហែលជានៅមិនទាន់ភ្លេចពីវត្តមានអតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលធ្លាប់ទទួលបានប្រជាប្រិយភាពយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជន តាមរយៈបទចម្រៀងដ៏ពីរោះៗ ទឹកដមសំឡេងដ៏ផ្អែមត្រជាក់មុតស្រួច បកស្រាយចម្រៀងបំពេដល់អារម្មណ៍អ្នកស្ដាប់កម្សាន្តឱ្យរំលាយអស់ទុក្ខកង្វល់កាលពីអតីតកាលមិនខាន ។
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រមួយចំនួនប្រាកដជាធ្លាប់បានភ្ញាក់ផ្អើលម្តងរួចមកហើយ ក្រោយពីបាត់មុខពីវិថីសិល្បៈជិតមួយទសវត្សរ៍មកនេះ អតីតតារាចម្រៀងខាងលើនេះ លោកបានទៅសាងផ្នួសបម្រើព្រះពុទ្ធសាសនា យកព្រះធម៌ធ្វើជាមិត្ត ផ្លាស់ប្ដូរពីការបកស្រាយបទចម្រៀងមកកាន់សៀវភៅកម្ពីរធម៌ ទន្ទេញបាលី លះបង់កាមកិលេសលោកី តាំងចិត្តស្ងប់ស្ងាត់ មិនប្រាថ្នាសម្លៀកបំពាក់ឆើតឆាយហ៊ឺហារ សូមត្រឹមពានាស្បង់ចីវរ រស់នៅក្នុងជីវិតស្ងប់សុខបំផុត ។
យ៉ាងណាក៏ដោយ មុននឹងសាងផ្នួសដើរលើផ្លូវព្រះធម៌នេះដែរ អតីតតារាចម្រៀង ឆោម ប៊ុនយ៉ុង ដែលពេលនេះជាព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង បានមានសង្ឃដីការថា ព្រះអង្គធ្លាប់បានភ្លឹករយៈពេល ៣ ខែ មុននឹងសម្រេចចិត្តបួសជាលោក ។ ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង មានសង្ឃដីការមកកាន់ «ប្រជាប្រិយ» ថា ក្រុមគ្រួសារគិតថាព្រះអង្គសុគតទៅហើយ ប៉ុន្តែមានតែព្រះអង្គផ្ទាល់នោះទេបានដឹងនូវរឿងរ៉ាវនៃការភ្លឹកលង់លក់របស់ព្រះអង្គ ។
កំឡុងពេលពេលប្រមាណជា ៣ ខែ នៃការភ្លឹកលង់លក់របស់ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង បានមានសង្ឃដីទៀតថា ព្រះអង្គឆាន់តែអំបុក និង ទឹកដូងតែប៉ុណ្ណោះ អាហារក្រៅពីនោះគឺព្រះអង្គឆាន់រួចនឹងក្អួតចង្អោរមកវិញ ។
ព្រះអង្គបានមានសង្ឃដីការលម្អិតថា «កាលពីភ្លឹកលង់លក់ រៀងរាល់ព្រឹកញោមស្រី (អ្នកម្តាយ) តែងដាស់លោក ឲ្យឆាន់អំបុក និង ទឹកដូង តែថ្ងៃមួយញោមស្រីយកបបរសាមចូកមកប្រគេនព្រះអង្គ ព្រះអង្គឆាន់ហើយ ក៏ក្អួតចង្អោរមកវិញ ទើបចាប់ពីពេលនោះមកព្រះអង្គឆាន់តែអំបុក និង ទឹកដូងទៅ» ។
គួរឲ្យដឹងថា ការសម្រេចចិត្តកោរលក់សាងផ្នួសធ្វើជាកូនចៅរបស់ព្រះរបស់ព្រះសង្ឃនេះ លោក ឆោម ប៊ុនយ៉ុង មិនមែនទើបតែធ្វើឡើងថ្មីៗនេះទេ ប៉ុន្ដែព្រះអង្គ ប៊ុនយ៉ុង មាននិស្ស័យជាមួយព្រះ ដោយបួសធ្វើជាព្រះសង្ឃតាំងពីកំឡុងចុងឆ្នាំ ២០១២ ឬ ដើមឆ្នាំ ២០១៣ មកម្ល៉េះ ពោលគឺរយៈពេលប្រមាណជា ១៣ ឆ្នាំ ក្រោយពីព្រះអង្គក្រោកពីការលង់លក់រយៈពេល ៣ ខែនោះ ។ សព្វថ្ងៃ ព្រះតេជព្រះគុណ ឆោម ប៊ុនយ៉ុង គង់នៅក្នុងកុដិមួយកន្លែងស្ថិតនៅបរិវេណវត្ត កោះមេត្តាពោធិវង្ស រាជធានីភ្នំពេញ ៕