ផ្ទុះការសង្ស័យ សឿ សុធារ៉ា និង សាពូន មីដាដា អាចនឹងបញ្ចប់និស្ស័យប្ដីប្រពន្ធ ក្រោយឃើញភ័ស្ដុតាងនេះ
បើគិតមកដល់ពេលនេះ តារាសម្ដែងដ៏មានប្រជាប្រិយភាពអ្នកនាង សឿ សុធារ៉ា និង លោក សាពូន មីដាដា បានភ្ជាប់និស្ស័យក្រាបផ្ទឹមក្លាយជាប្ដីប្រពន្ធបានរយៈពេល ១១ ឆ្នាំហើយ ដោយអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០០៩ កន្លងទៅ ដែលចំណងស្នេហ៍របស់អ្នកសិល្បៈមួយគូនេះ ក៏ទទួលបានកូនប្រុស-ស្រីចំនួន ២ នាក់ផងដែរ ។
ទោះបីជាក្លាយជាប្ដីប្រពន្ធច្រើនឆ្នាំមកហើយក្ដី ក៏មានកូនប្រុសស្រីជាចំណងដៃទៀត ប៉ុន្ដែជារឿយៗ គេតែងតែលេចឮដំណឹងពីការចែកផ្លូវគ្នារវាងតារាសម្ដែងស្រីរូបស្រស់ សឿ សុធារ៉ា និង លោក សាពូន មីដាដា ហូរហែ ជាពិសេសក្នុងរវាងកន្លះឆ្នាំចុងក្រោយនេះ អ្នកទាំងពីរកាន់តែបង្ហាញសកម្មភាពប្លែកៗ ទៅណាមកណាម្នាក់ៗឯង សូម្បីតែទៅចូលរួមកម្មវិធីរបស់មិត្តភក្ដិក្នុងរង្វង់សិល្បៈក៏មិនឃើញពួកគេបណ្ដើរគ្នាយ៉ាងផ្អែមល្ហែមដូចកាលពីមុនដែរ ។
រឿងដែលមហាជនភ្ញាក់ផ្អើលបំផុត សឿ សុធារ៉ា បានលុបរូបថត សាពូន មីដាដា ពីគណនីហ្វេសប៊ុកដែលដាក់ឈ្មោះថា Sapoun Darapemean ជាឈ្មោះកូនស្រីច្បងរបស់នាង ចោលគ្មានសល់មួយសន្លឹក ដែលទង្វើប្លែកខុសពីធម្មតារបស់តារាស្រីរូបនេះ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាសន្និដ្ឋានថា ទំនាក់ទំនងប្ដីប្រពន្ធរបស់ពួកគេទាំងពីរប្រហែលជាមានរឿងរង្គោះរង្គើមិនខានឡើយ ។
ដ្បិតថាមានភ័ស្ដុតាងបង្ហាញច្បាស់ៗបែបនេះ គេនៅតែមិនទាន់អាចសន្មតបានជាក់លាក់ថា សឿ សុធារ៉ា និង សាពូន មីដាដា បានបញ្ចប់និស្ស័យប្ដីប្រពន្ធនោះទេ ព្រោះសាមីខ្លួនទាំងសងខាងមិនទាន់ចេញមុខបញ្ជាក់ផ្ទាល់នៅឡើយ ៕