អួលដើមក! Minho ឆ្លើយមិនចេញ ក្រោយកុមារីម្នាក់សួររក Jonghyun (វីដេអូ)
កាលពីថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ក្រុមចម្រៀងកូរ៉េល្បីឈ្មោះកូរ៉េ SHINee បានបង្ហាញវត្តមានក្នុងវីដេអូ ODG STUDIO ក្នុងការរំឭកនូវការងារក្នុងវិស័យ K-Pop របស់ខ្លួនជាមួយនឹងក្មេងៗ ។
សមាជិកទាំង ៤ នៃ SHINee មានដូចជា Onew, Key, Minho និង Taemin បានអង្គុយជាមួយនឹងក្មេងៗ ដែលមានអាយុតិចជាងក្រុម SHINee នៅក្នុងកម្មវិធី «Kids Review K-Pop Star’s Career» ។ ក្នុងនោះ សមាជិកទាំង ៤ បានជ្រើសរើសបទចម្រៀងល្បីៗរបស់ពួកគេមកមើលជាមួយនឹងក្មេងៗ ព្រមទាំងជជែកកម្សាន្តជាមួយគ្នាផងដែរ ។
យ៉ាងណាមិញ ក្នុងកម្មវិធីកំពុងតែរីករាយជាមួយនឹងការជជែករវាងក្មេងៗ និង សមាជិក SHINee ស្រាប់តែមកដល់ចំណុចមួយនៃវីដេអូរបស់ SHINee កាលពីមានគ្នា ៥ នាក់ ពោលគឺនៅពេលប្រធានក្រុម Jonghyun មិនទាន់បាត់បង់ជីវិត ស្រាប់តែកុមារីម្នាក់សួរសំណួរទៅកាន់ Minho ថា «តើសមាជិកម្នាក់ទៀតបាត់ទៅណាហើយ? សមាជិកបាត់នោះ ជាអ្នកណា? ហេតុអ្វីបានគេចាកចេញពីក្រុម?» ។
ភ្លាមនោះ បន្ទាប់ពីបានឮសំណួរបស់ក្មេងស្រីនៅក្បែរខ្លួន Minho ហាក់ធ្លាក់ទឹកមុខ និង អួលដើមករកនឹកអ្វីឆ្លើយមិនទាន់នោះឡើយ គឺ Minho មិនបានប្រាប់ក្មេងស្រីនោះថា Jonghyun បានស្លាប់នោះទេ តែលោកបានត្រឹមប្រាប់នាងថា «Jonghyun គាត់អត់ស្រួលខ្លួន ហើយគាត់គឺជាពូដ៏ល្អម្នាក់» ។
គួរឲ្យដឹងថា ទោះជានៅក្នុងកិច្ចជជែកកម្សាន្តរវាងក្មេងៗ និង សមាជិក SHINee ហាក់មិនបានបញ្ជាក់ពីអារម្មណ៍នៃការបាត់បង់សមាជិកមួយរូបនោះក៏ពិតមែន ប៉ុន្តែអ្នកទស្សនាបានសង្កេតឃើញថា កែវភ្នែករបស់សមាជិកម្នាក់ៗ នៅពេលទៅមើលវីដេអូកាលពីមាន Jonghyun នៅរួមក្រុម គឺពួកគេពិតជាសោកសៅណាស់ ៕