ដោយសារតែជំងឺមួយនេះ ទើបធ្វើឱ្យ តារាចម្រៀង អាន គុណកូឡា បាត់មុខឈឹងពីសិល្បៈ
បើនិយាយពីឈ្មោះតារាចម្រៀង អាន គុណកូឡា ជឿជាក់ថាទស្សនិកមួយចំនួនប្រាដកជានៅចាំ ព្រោះលោកធ្លាប់មានឈ្មោះល្បីខ្លាំងកាលពីជាង ១០ ឆ្នាំមុនតាមរយៈបទចម្រៀងល្បីៗជាច្រើនមានដូចជាបទ «លាមុនស្អប់» និង បទ «សុំទោសដែលធ្វើឱ្យអូនយំ» ដែលធ្វើឱ្យមហាជនអ្នកគាំទ្របានស្គាល់រូបស្ទើរតែគ្រប់គ្នា ។
កំពុងតែមានឈ្មោះល្បីល្បាញក្នុងប្រទេស សុខៗក៏ស្រាប់តែបាត់មុខលោកពីសិល្បៈ ដោយពុំដឹងមូលហេតុ ក្នុងនោះដែរបានធ្វើឱ្យអ្នកគាំទ្រមានការងឿងឆ្ងល់ និង ចង់ដឹងថា តើតារាចម្រៀងរូបនេះមានបញ្ហាអ្វីទើបមិនបានបង្ហាញមុខនៅតាមស្ថានីយទូរទស្សន៍ និង ចេញជាបទថ្មីៗដូចសព្វដង ? ក្រោយពីមានការស្ងប់ស្ងាត់មួយរយៈធំរួចមក ក៏ស្រាប់តែនៅឆ្នាំ ២០១៨ អាន គុណកូឡា ក៏បានលេចមុខសាជាថ្មី តាមរយៈបទ «Bother Sister» ។ ការបង្ហាញមុខលើកនោះ បានធ្វើឱ្យ អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែគ្រប់គ្នាខានឃើញលោកបញ្ចេញជាបទថ្មីៗយូរមកហើយ ។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះដែរ អាន គុណកូឡា បានបង្ហាញវត្តមាននៅក្នុងកម្មវិធីជជែកកម្សាន្ត 3Fun ដែលនៅក្នុងកម្មវិធីនោះ លោកក៏បានចេញមកបកស្រាយនូវចម្ងល់មួយដែលទស្សនិកជនតែងចង់ដឹងនឹងការបាត់មុខពីសិល្បៈនេះ ។ អាន គុណកូឡា ក៏បានបកស្រាយពីមូលហេតុចម្បងថា ៖ «ការពិតលោកមានជំងឺបាក់ទឹកចិត្តមួយ ថែមទាំងធ្វើឱ្យលោកមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំអស់ ប៉ុន្តែពីដំបូងលោកពុំបានដឹងថាលោកកើតជំងឺមួយនេះទេ» ។
អាន គុណកូឡា ក៏បានបន្ថែមទៀតថា ៖ «ពេលហ្នឹងរូបលោកប្រៀបដូចជាដើមឈើដែលខ្ពស់មួយដើម ដែលមានខ្យល់បក់បោកមកអ៊ីចឹង ជាពិសេសនៅពេលដែលលោកធ្លាក់ប្រជាប្រិយភាពជាងមុន លោកតែងលើកទឹកចិត្តខ្លួនឯងដោយពាក្យថា តស៊ូ តែវានៅមិនអាចឱ្យលោកអាចយកឈ្នះវាបានហូតបាន ធ្វើឱ្យលោកមានអារម្មណ៍ថាលែងចង់ធ្វើជាអ្នកសិល្បៈបន្តទៀត ទោះបីជាមានការអញ្ជើញពីខាងកម្មវិធីផ្សេងៗ ក៏លោកតែងតែបដិសេធជានិច្ច ព្រោះតែមិនចង់ជួបអ្នកណាទាំងអស់ និង ធ្លាប់គិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯងទៀតក៏មានដែរ» ។
លោកក៏បន្ថែមទៀតថា ៖ «ក្រោយមកលោកក៏បើកចិត្តខ្លះ ចេញទៅក្រៅជួបមនុស្សផ្សេងៗ ថ្មីៗជាច្រើន និង បានស្ដាប់ពាក្យសម្ដីការណែនាំ និង ពាក្យល្អៗ តាមរយៈកម្មវិធីលើកទឹកចិត្ត បានធ្វើឱ្យលោកអាចក្រោកឈរ និង ចាប់ផ្ដើមសាជាថ្មី រហូតដល់ថ្ងៃនេះ» ។
ជាចុងក្រោយ អាន គុណកូឡា ក៏មានបំណងថា នឹងចូលសិល្បៈវិញ ដើម្បីមកកំដរអារម្មណ៍បងប្អូនអ្នកគាំទ្រ ព្រោះលោកនៅតែស្រឡាញ់សិល្បៈ តែក៏មិនទាន់បានដឹងថានឹងចូលច្រៀងនៅក្នុងផលិតកម្មណាមួយដែរ ៕
ប្រភព៖ 3Fun