ក្តុកក្តួលណាស់! ម្តាយស្លាប់បានជាង ១ ខែ CL បង្ហោះសារមួយ អានហើយរំជួលចិត្តខ្លាំង
រយៈពេលជាងមួយខែមកហើយ ដែលម្តាយរបស់តារាម្រៀង CL លោកស្រី Hong Yoo Ra បានទទួលមរណភាព កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ដោយសារតែជំងឺគាំងបេះដូង ។ ក្នុងនោះមិត្តភក្តិ និង អ្នកគាំទ្ររបស់ CL ស្ទើរទូទាំងប្រទេសបានចូលរួមរំលែកទុក្ខ ព្រមទាំងមានការព្រួយបារម្ភពីនាងយ៉ាងខ្លាំងក្នុងការបាត់បង់ម្តាយជាទីស្រឡាញ់ទៀតផង ។
ដោយឡែក ទោះជាពេលវេលារំលងផុតទៅជាងមួយខែក្តី តែ CL នៅតែបង្ហោះសារ និង រូបភាពជារឿយៗរំឭកដល់អ្នកម្តាយរបស់នាង ។ ជាងនេះទៅទៀត អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រហាក់មានអារម្មណ៍សោកសៅដល់ CL ទៀតនោះ គឺនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ គឺជាថ្ងៃកំណើតរបស់ CL ។ តាមការបង្ហោះសារនៅលើផេកផ្លូវការរបស់ CL នាងបានរៀបរាប់ថា «ខួបកំណើតរបស់នាងឆ្នាំនេះ គឺខុសពីឆ្នាំមុនៗ ព្រោះគ្មានវត្តមានរបស់ម្តាយជាទីស្រឡាញ់» ។
លើសពីនោះ CL បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើងថា «Wish You Were Here» ដែលកាន់តែបង្ហាញពីអារម្មណ៍ឯការបស់នាងយ៉ាងខ្លាំង ក៏ព្រោះតែបទចម្រៀងមួយបទនោះ នាងបានច្រៀងរៀបរាប់ និង បង្ហាញសកម្មភាពរបស់នាងតាំងពីកើតរហូតដល់ធំដឹងក្តី ដែលតែងទទួលបានការចិញ្ចឹមបីបាច់ពីម្តាយជាទីស្រឡាញ់ ។ Mv មួយបទនោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រទស្សនាហើយ ពិតជាទប់ទឹកភ្នែកមិនបាននោះឡើយ ៕