ជូនពរម្នាក់មួយម៉ាត់មក! លីវ ជីលី ចេញដំណើរទៅប្រកួត Miss Grand International ហើយ
ពេលវេលាដែលមហាជនអ្នកគាំទ្រ Miss Grand Cambodia 2020 បានទន្ទឹងរង់ចាំ នៃការធ្វើដំណើររបស់ម្ចាស់មកុដ កញ្ញា លីវ ជីលី ទៅកាន់ការប្រកួតឆាកអន្តរជាតិបានឈានមកដល់ហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។
នៅរសៀលថ្ងៃនេះ លីវ ជីលី បានចាកចេញពីប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឯប្រទេសថៃ នាថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខ ដោយការធ្វើដំណើរនេះដែរ បើតាមការឲ្យដឹងពីក្រុមការងារ លីវ ជីលី នឹងធ្វើការហោះហើរពីប្រទេសកម្ពុជា ទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១ និង បន្តដំណើរពីប្រទេសម៉ាឡេស៊ី ទៅកាន់ប្រទេសថៃនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ ។
ដំណើរនៃការទៅដល់របស់ Miss Grand Cambodia 2020 នេះ ដែរដោយស្ថានភាពកូវីដ-១៩ កំពុងបន្តការរាលដាល កញ្ញា លីវ ជីលី គឺត្រូវធ្វើដំណើរតែម្នាក់ឯង ។ ហេតដូច្នេះ អ្នកគាំទ្រ និង អ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក៏បានត្រឹមជូនពរដល់ លីវ ជីលី ឲ្យទទួលបានជោគជ័យ និង មានសុខភាពល្អក្នុងការធ្វើដំណើរទៅកាន់ការប្រកួតនេះ តាមរយៈការបង្ហោះសារយ៉ាងព្រោងព្រាតលើបណ្តាញសង្គម ។
គួរឲ្យដឹងថា ពេលទៅដល់ប្រទេសថៃ លីវ ជីលី ក៏ដូចជា Miss Grand មកពីបណ្តាប្រទេសជាច្រើនទៀត នឹងធ្វើការដាក់ខ្លួនរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានសុខភាព ។ បន្ទាប់មកពួកគេនឹងមានសកម្មភាពនានារួមគ្នាជាច្រើន រហូតដល់ថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ៕