បងប្អូនប្រុសបង្កើតទាំង ៣ របស់ ដួង វីរៈសិទ្ធ សុទ្ធតែមានសមត្ថភាពសិល្បៈមិនធម្មតា
មហាជនអ្នកគាំទ្រតារាចម្រៀង ដួង វីរៈសិទ្ធ ដែលមានឈ្មោះដើម ម៉ម ដួងសិទ្ធ ប្រាកដជាបានដឹងមកហើយពីសមត្ថភាពនៅក្នុងវិថីសិល្បៈរបស់តារាប្រុសសំឡេងផ្អែមរូបនេះ ដោយលោកមិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងតែម្យ៉ាងនោះទេ តែក៏មានទេពកោសល្យក្នុងការនិពន្ធទំនុកច្រៀង ទំនុកភ្លេង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណទៀតផង ។
ក្នុងនោះ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងខ្លះមកហើយ ពីសែស្រឡាយរបស់តារារូបនេះ គឺលោកមានឪពុកម្តាយ និង បងប្អូនប្រុស ២ នាក់ ទៀត ក៏ជាអ្នកសិល្បៈមានឈ្មោះបោះសំឡេងដូចគ្នាដែរ ។
យ៉ាងណាមិញ ពេលនេះ «ប្រជាប្រិយ» នឹងលើកយកនូវបងប្អូនបង្កើតរបស់លោក ដួង វីរៈសិទ្ធ ទាំង ៣ រូប មកជម្រាបជូននៅខាងក្រោមនេះ ថាតើពួកគាត់មានសមត្ថភាពអ្វីខ្លះក្នុងវិថីសិល្បៈ?
១- លោក ម៉ម សំនៀង
លោក ម៉ម សំនៀង គឺជាកូនប្រុសច្បង ហើយលោកក៏មានទេពកោសល្យក្នុងសិល្បៈជាតារាចម្រៀង ពិធីករផ្នែកកម្សាន្ត និង ពិធីករផ្នែកព័ត៌មានទៀតផង ។ លោកក៏អាចលេងឧបករណ៍តន្ត្រីបុរាណ និង សម័យ បានយ៉ាងស្ទាត់ជំនាញមិនខុសពីលោក ដួង វីរៈសិទ្ធ នោះដែរ ។
២- លោក ម៉ម ដួងសិទ្ធ ឬ ដួង វីរៈសិទ្ធ
លោក ម៉ម ដួងសិទ្ធ បានផ្លាស់ប្តូរឈ្មោះទៅជា ដួង វីរៈសិទ្ធ ក្រោយពីបានក្លាយជាតារាចម្រៀងអាជីពក្នុងវិថីសិល្បៈ ។ តារាប្រុសជាកូនទី ២ ក្នុងត្រកូល ម៉ម នេះ គឺត្រូវបានមហាជនទទួលស្គាល់យ៉ាងខ្លាំងពីទេពកោសល្យនៃវិស័យសិល្បៈរបស់លោក ដូចដែលបានរៀបរាប់ខាងលើ ។ បច្ចុប្បន្ន លោកកំពុងសាងស្នាដៃនៅក្នុងផលិតកម្មរាម ក្រោមដំបូលជាមួយនឹង មាស សុខសោភា ។
៣- លោក ម៉ម ពេជ្ជរិទ្ធ
លោក ម៉ម ពេជ្ជរិទ្ធ គឺជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងយុវវ័យ Small Word Small Band ក្រុមតូច ប៉ុន្ដែគួរឱ្យស្ដាយពេលនេះ ក្រុមចម្រៀងមួយនេះបានប្រកាសរំសាយក្រុមហើយ។ កូនប្រុសពៅត្រកូល ម៉ម រូបនេះ ត្រូវបានអ្នកគាំទ្រយុវវ័យដាក់ងារថាជាតារាចម្រៀង Original Song សំឡេងស្រទន់ ផ្អែមពីរោះ មិនចាញ់បងប្រុសរបស់លោក ដួង វីរៈសិទ្ធ ប៉ុន្មានទេ។ មិនត្រឹមតែជាតារាចម្រៀងពេញនិយមនោះទេ តារាប្រុសរូបនេះ ក៏មានទេពកោសល្យផ្នែកនិពន្ធទំនុកភ្លេង ទំនុកច្រៀង និង លេងឧបករណ៍តន្ត្រីសម័យ និង បុរាណ ដូចជាបងៗផងដែរ។ បច្ចុប្បន្ន ម៉ម ពេជ្ជរិទ្ធ កំពុងផលិតបទចម្រៀងទោល ជាច្រើនបទ ដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់លោក៕