Yaya ដាក់អារម្មណ៍អស់ទាស់ ខណៈកំពុងបញ្ចូលសំឡេងឱ្យតួស្រីរឿងតុក្តតាល្បី Raya (វីដេអូ)
អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាទស្សនិកជនដែលស្រឡាញ់ចូលចិត្តកំពូលតារាសម្ដែងស្រីថៃជួរមុខនាង Yaya Urassaya នាំគ្នាភ្ញាក់ផ្អើល និង ស្រឡាំងកាំងស្ទើរតែគ្រប់គ្នា បន្ទាប់ពីឃើញទំព័រផេកផ្លូវការរបស់ Disney ប្រកាសថា Yaya គឺជាអ្នកបញ្ចូលសំឡេងឱ្យតួអង្គតុក្កតាហូលីវូដកំពុងល្បី Raya ។
ភ្ជាប់ជាមួយរូបថតប៉ុន្មានសន្លឹករបស់តារាស្រីថៃ Yaya ស្ថិតនៅក្នុងស្ទូឌីយោបញ្ចូលសំឡេងរឿង «Raya and The last Dragon» របស់ផលិតកម្ម Disney កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ព្រោះថាកន្លងមកតារាស្រីរូបនេះ ធ្លាប់តែបង្ហាញទេពកោសល្យល្អសឹងតែឥតទាស់របសខ្លួនតាមរយៈការសម្ដែង ប៉ុន្ដែលើកនេះ នាងបានបញ្ចេញសមត្ថភាពថ្មីមួយទៀត គឺជាអ្នកបញ្ចូលសំឡេងឱ្យតួឯកស្រីវិញម្ដង ហើយថែមទាំងដាក់អារម្មណ៍តាមតួអង្គដូចកំពុងសម្ដែងក្នុងរឿងពិតៗតែម្ដង ។
យ៉ាងណាបើតាមប្រភពដដែលបានបញ្ជាក់ថា សម្រាប់រឿងតុក្កតាប្រភេទហូលីវូដខ្នាតធំកំពុងល្បីល្បាញមួយនេះ Yaya គឺជាអ្នកបញ្ចូលសំឡេងផ្ទាល់ជាសំនៀងភាសាថៃ សម្រាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្តថៃក្នុងពេលឆាប់ៗខាងមុខនេះ ៕