
បើទោះបីទទួលស្គាល់ថាមានម្ចាស់បេះដូងថ្មីក៏ពិតមែនតែតារាសម្តែងរូបស្រស់ នី មុន្នីនាថ ហាក់មិនមានភាពក្លាហានក្នុងការបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាចំហដូចមុនឡើយ សូម្បីតែបណ្តើរគ្នាទៅចូលរួមនៅក្នុងកម្មវិធីនានាក៏នាងមិនហ៊ានដែរ ។
គេចាំបានថាក្រោយពីបែកបាក់ជាមួយអតីតគូដណ្តឹងដែលជាអ្នករស់នៅសហរដ្ឋអាមេរិក ប្រកបដោយភាពចម្រូងចម្រាសមក នី មុន្នីនាថ ក៏រកបានអ្នកស្អំបេះដូងថ្មីភ្លាមៗដែលនាងធ្លាប់ប្រាប់ថាជាអ្នករស់នៅសហរដ្ឋអាមេរិក និងជាអ្នកជំនួញដែលមានអាយុប្រមាណជាង ៣០ ឆ្នាំ ។ បើគិតមកដល់ពេលនេះ នី មុន្នីនាថ និងបុរសរូបនោះបានទាក់ទងគ្នាប្រមាណជាង ២ ឆ្នាំហើយ ។ អ្វីដែលកត់សម្គាល់បើទោះទទួលស្គាល់ចំណងស្នេហ៍ឆ្លងទ្វីបលើកនេះថា កាន់តែល្អូកល្អើនក៏ដោយ ប៉ុន្តែ នី មុន្នីនាថ នៅតែមិនហ៊ានបង្ហាញមុខដោយអះអាងថាចាំដល់ថ្ងៃរៀបការចាំបង្ហាញក៏មិនហួសពេលដែរ តែយ៉ាងណា នាងនៅមិនទាន់កំណត់ពេលវេលាច្បាស់លាស់ក្នុងការបញ្ចប់ភាពនៅលីវនោះឡើយ ។
ពេលនេះដែរ នី មុន្នីនាថ កាន់តែស្រស់ស្រាយ ដោយនាងក្តោបបានការសម្តែងរឿងជាបន្តបន្ទាប់ ដែលក្នុងនោះក៏មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថាវ័យកាន់តែទៅមុខ តែសម្រស់របស់ នី មុន្នីនាថ មើលទៅនៅតែក្មេង និងស្អាតប្លែកជាងមុនទៅទៀត ។ ក្រៅពីការងារ សិល្បៈ នី មុន្នីនាថ ក៏មានមុខរបរនៅក្នុងដៃជាច្រើនដែលមានទាំងការលក់ផលិតផលតាមអនឡាញ និង ជំនួញអចលនៈទ្រព្យទៀតផង ៕
រូបថត ៖ហ្វេសប៊ុក
អត្ថបទដោយ៖ ចេនី