រកសង្សារម្នាក់ធ្វើថ្នាំមិនទាន់បានផង Boy Pakorn បែរជាចង់រៀបការប្រពន្ធ បង្កើតកូនបាត់
នៅក្នុងសង្គមសិល្បៈអ្នកណាក៏ដឹងថា តារាសម្ដែងប្រុសជួរមុខលោក Boy Pakorn គឺជាសិល្បករមួយរូបដែលមានប្រជាប្រិយភាពច្រើនផុសផុលពីសំណាក់ទស្សនិកជន ហើយរយៈពេលប៉ុន្មានឆ្នាំដែលលោកប្រឡូកក្នុងវិស័យសិល្បៈមួយនេះ លោកក៏ក្ដោបបានតំណែងតួឯកប្រុសច្រើនរឿងសឹងតែរាប់ភ្លេចផងដែរ ។
ថ្វីដ្បិតតែមានទាំងភាពល្បីល្បាញក្នុងវិស័យសិល្បៈ ហើយក៏ជាតារាប្រុសដែលមានរូបរាងស្រស់ស្អាតទៀត ប៉ុន្ដែមកដល់ពេលនេះ Boy Pakorn នៅរកសង្សារមកថ្នាក់ថ្នមថែបេះដូងមិនបាននៅឡើយទេ ទោះបីជាកន្លងមកតារាប្រុសរូបនេះ ធ្លាប់មានព័ត៌មានលេចឮថាលោកពេញចិត្តនឹងតារាស្រីរូបនេះ រូបនោះក៏ដោយ ។
ទោះបីជាប្រុសស្អាត Boy Pakorn រក្សាភាពនៅលីវមិនទាន់ប្រកាសទាក់ទងនារីរូបណាជាផ្លូវការក្ដី ប៉ុន្ដែផ្នែកតាមកិច្ចសម្ភាសមួយកាលពីពេលថ្មីៗនេះកន្លងទៅ តារាប្រុសជួរមុខប្រចាំប៉ុស្ដិ៍ទូរទស្សន៍លេខ ៣ រូបនេះ បានសារភាពថា លោកចង់រៀបការមានគ្រួសារបង្កើតកូនដូចមិត្តសិល្បៈផ្សេងទៀតដែរ ។
ក្រោយបានឮពាក្យសារភាពរបស់ Boy Pakorn ធ្វើឱ្យទស្សនិកជន ពិសេសអ្នកគាំទ្រលោកផ្ទាល់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្មានមិនដល់ថាលោកនៅរកសង្សារមិនទាន់បានផង បែរជាប្រកាសចង់មានគ្រួសារផ្ទាល់ខ្លួនបែបនេះសោះ ៕