លីវ ជីលី គ្រងឈុតតំណាងជាតិ «ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ» លើកដំបូង អង់អាចណាស់
មហាជនអ្នកតាមដានការប្រកួតកម្មវិធី Miss Grand Cambodia 2020 ប្រាកដជាបានដឹងរួចមកហើយថា ស្ថាប័ន Miss Grand បានប្រកាសជាផ្លូវការកាលពីពេលកន្លងមកថា ឈុតតំណាងជាតិ ដែលនឹងត្រូវយកទៅប្រកួតនៅឆាកអន្តរជាតិ Miss Grand International 2020 នៅប្រទេសថៃខាងមុខ គឺត្រូវបានជ្រើសរើសយកឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ ។
ក្នុងនោះដែរ គេចាំបានថា ឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ បានគ្រងជាលើកដំបូងក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand Cambodia 2020 ដោយ កញ្ញា សារុំ ចន្ថា ជ័យលាភរងទី ២ ។
យ៉ាងណាមិញ បើក្រឡេកទៅមើល Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ឯណេះវិញ កាន់តែកៀកថ្ងៃធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិ ម្ចាស់មកុដរូបនេះ ក៏បានបង្ហាញវត្តមានជាលើកដំបូងក្នុងការគ្រងឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ បានធ្វើឲ្យមហាជនអ្នកគាំទ្រ បើកភ្នែកធំៗភ្លឹកនឹងសម្រស់ ព្រមទាំងរូបភាពនៃភាពអង់អាចរបស់ លីវ ជីលី នៅពេលដែលបានគ្រងឈុតនេះ ។
លើសពីនោះលើផេកផ្លូវការរបស់ Miss Grand Cambodia ក៏បានរៀបរាប់បញ្ជាក់ថា «វ៉ាវ! មកមើលសម្រស់កញ្ញា លីវ ជីលី គ្រងឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ ដែលជាឈុតត្រៀមសម្រាប់យកទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International 2020 នាពេលខាងមុខនេះ ឈុតនេះបង្ហាញពីភាពរឹងមាំ អង់អាចក្លាហាន របស់ស្ត្រីខ្មែរ ប្រកបដោយភាពជឿជាក់ ។ រចនាឈុតដោយ ៖ លោក កែវ ចាន់ឌី» ៕