អ្នកគាំទ្រព្រួយចិត្ត លីវ ជីលី អាចនឹងមិនបានទៅប្រកួត Miss Grand International នៅថៃព្រោះបញ្ហានេះ
រយៈពេលមិនយូរប៉ុន្មានទៀតនោះទេ ការប្រកួតកម្មវិធី Miss Grand International 2020 នៅឯប្រទេសថៃ ក៏នឹងមកជិតមកដល់ហើយ ។ ក្នុងនោះដែរ បើតាមថ្ងៃកំណត់កម្មវិធី ថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ ។
បើក្រឡេកទៅមើល Miss Grand Cambodia 2020 កញ្ញា លីវ ជីលី ឯណេះវិញ កាន់តែកៀកថ្ងៃធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិ បវរកញ្ញារូបនេះហាក់កាន់តែហ្វឹកហាត់កាន់តែច្រើនឡើងក្នុងការដើរម៉ូដរបស់ខ្លួនឱ្យបានល្អ ដើម្បីទៅបង្ហាញនៅលើឆាកអន្តរជាតិ នាពេលដ៏ខ្លីខាងមុខនេះ ។
យ៉ាងណាមិញ សម្រាប់មហាជនអ្នកគាំទ្រ ក៏រំពឹងថានាងនឹងអាចដណ្ដើមយកជ័យជំនះដើម្បីលើកស្ទួយមុខមាត់ប្រទេស ហើយមហាជនម្នាក់ៗក៏ទន្ទឹងរង់ចាំមើលបរកញ្ញារូបនេះបង្ហាញសម្ថភាពលើឆាកអន្តរជាតិដ៏ធំនោះផងដែរ ។
ទន្ទឹមនឹងការត្រៀមខ្លួនប្រកួតរបស់បវរកញ្ញា លីវ ជីលី នេះ ដោយឡែកនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ នេះប្រទេសកម្ពុជាបានផ្ទុះឡើងការរីករាលដាលសាជាថ្មីនូវជំងឺកូវីដ ១៩ ក្នុងនោះដែរ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពជា ក៏បានប្រកាសហាមមិនឱ្យពលរដ្ឋចេញមានការឆ្លងដែនទៅប្រទេសជិតខាង រួមមាន ថៃ វៀតណាម ឡាវ ជាដាច់ខាត ដើម្បីបង្ការ និង ទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ ១៩ រលកថ្មីនេះ ។
ដូចគ្នានេះ ដោយសារតែមានការប្រកាសរបស់រាជរដ្ឋាភិបាលបែបនេះ គេក៏ឃើញហ្វេសប៊ុកផេក Team Cambodia បានចេញមកបង្ហោះថា «ជាផ្លូវការ លីវ ជាលី អាចនឹងមានបញ្ហាខកខានចូលរួមប្រកួតបវរកញ្ញា Miss Grand International ក្រោយកម្ពុជាប្រកាសបិទការឆ្លងដែនរវាងបណ្ដាលប្រទេសជិតខាង ដោយកម្ពុជាកំពុងរងនូវឥទ្ធិពលជំងឺ កូវីត-១៩ (COVID-19) រលកថ្មីនេះ» ។
ក្នុងព្រឹត្តិការណ៍នេះដែរបានជះក្ដីកង្វល់យ៉ាងខ្លាំងចំពោះមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ព្រោះកៀកនឹងដល់ថ្ងៃប្រកួតទៅហើយ បែរជាកើតរឿងនេះឡើង ក៏ប៉ុន្តែគេក៏ពុំទាន់បានដឹងច្បាស់នៅឡើយទេថាតើកញ្ញា លីវ ជីលី អាចនឹងអវត្តពិតឬយ៉ាងណា ដរាបណាពុំទាន់មានចេញសេចក្ដីប្រកាសជាផ្លូវការពីសំណាក់ស្ថាប័នកម្មពិធី Miss Grand Cambodia ៕