ផ្ទុះការភ្ញាក់ផ្អើល ដួង វីរៈសិទ្ធ ចេញពីផលិតកម្មហង្សមាស ចូលផលិតកម្មរាម ជាផ្លូវការហើយ
មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយពីសមត្ថភាពក្នុងវិស័យសិល្បៈរបស់តារាចម្រៀង និង អ្នកនិពន្ធវ័យក្មេងរបស់តារាចម្រៀង ដួង វីរៈសិទ្ធ ។
លើសពីនោះកាលពីកំឡុងឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្របានឃើញមកហើយពីទេពកោសល្យបន្ថែមទៀតរបស់តារាចម្រៀងវ័យក្មេងរូបនេះ ក្នុងការសម្តែងខ្សែភាពយន្តនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយលោកគ្រងតំណែងជាតួឯកផងដែរ ។
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ពោលគឺចុងឆ្នាំ ២០២០ និង ដើមឆ្នាំ ២០២១ មហាជនអ្នកគាំទ្រហាក់សង្កេតឃើញថា លោក ដួង វីរៈសិទ្ធ ហាក់ស្ងាត់សកម្មភាពក្នុងការនិពន្ធ និង ចេញបទចម្រៀងថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយនេះជាហេតុធ្វើឲ្យមហាជនអ្នកគាំទ្រមានចម្ងល់ពីការបាត់ឈឹងរបស់លោកផងដែរ ។
ក្រោយភាពស្ងប់ស្ងាត់នេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រតារាប្រុសសំឡេងផ្អែម ដួង វីរៈសិទ្ធ សង្ស័យថា ទំនងជាលោកអាចនឹងចប់កុងត្រាពីផលិតកម្ម ហើយកំពុងត្រៀមខ្លួនចូលផលិតកម្មផ្សេងទៀតផង ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់មហាជនខាងលើនេះដែរ ពេលនេះការពិតត្រូវបានលាតត្រដាងហើយ បន្ទាប់ការសម្ពោធបើកផលិតកម្មរាមជាផ្លូវការនៅរាត្រីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ដោយតារាចម្រៀង ដួង វីរៈសិទ្ធ បានក្លាយជាតារាចម្រៀងចុះកុងត្រានៅក្នុងផលិតកម្មរាម ដែលជាផលិតកម្មថ្មីសន្លាងមួយនេះហើយ ។
ស្របគ្នានឹងការបង្ហាវត្តមានជាផ្លូវការនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាតារាចម្រៀងសំនៀងផ្អែមរូបនេះ បានចូលផលិតកម្មរាម ក្លាយជាសមាជិកទី ២ ពេញសិទ្ធិ បន្ទាប់វត្តមានតារាចម្រៀង មាស សុខសោភា នោះ ៕