ផ្ទុះការយល់ច្រឡំខ្លាំងពេក លីវ ជីលី ចេញមុខបកស្រាយ រឿងគេថាវះកាត់កែកុនមុខ
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ពិសេសអ្នកដែលស្រឡាញ់ចូលចិត្តវិស័យបវរកញ្ញា បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់ហ្វេសប៊ុកគ្លីនិកកែសម្ផស្សមួយកន្លែងឈ្មោះថា Ruby Galadriel បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់បវរកញ្ញាគ្រងមកុដ លីវ ជីលី Miss Grand Cambodia 2020 កំពុងកែកុនបន្ថែមភាពស្រស់ស្អាតនៅលើផ្ទៃមុខ ។
ក្រោយការបង្ហោះរបស់ម្ចាស់គ្លីនិកខាងលើ ក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន មានការភាន់ច្រឡំថា កញ្ញា លីវ ជីលី បានទៅវះកាត់កែមុខមាត់ ដើម្បីកាន់តែទទួលបានភាពស្រស់ស្អាតក្នុងការត្រៀមខ្លួនទៅចូលរួមប្រកួតប្រជែងដណ្ដើមមកុដ Miss Grand International 2020 ដែលថ្ងៃប្រកួតផ្ដាច់ព្រ័ត្រជ្រើសរើសរាជិនីគ្រងមកុដ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ខាងមុន ។
ភាពច្របូកច្របល់ និង ការងឿងឆ្ងល់របស់មហាជនកាន់តែបន្តច្រើនឡើងៗថា ហេតុអ្វីបានជាបវរកញ្ញាអាចវះកាត់កែសម្ផស្សបាន? ខណៈរឿងរ៉ាវមួយនេះនៅតែមានការជជែកគ្នាមិនដាច់ ស្រាប់តែនៅរសៀលថ្ងៃទី ១៩ កុម្ភៈ ២០២១ នេះ កញ្ញា លីវ ជីលី បានចេញមុខបកស្រាយតាមរយៈវីដេអូឡាយមួយថា នាងមិនបានទៅវះកាត់ផ្ទៃមុខអ្វីនោះទេ គឺនាងគ្រាន់តែទៅចាក់បំពេញមុខបន្ថែម និង បញ្ចូលវីតាមីនឱ្យផ្ទៃមុខមានសំណើមប៉ុណ្ណោះ ព្រោះថាផ្ទៃមុខរបស់នាងមានសភាពរៀងផតបន្តិច ហើយស្ងួតទៀត ។
លីវ ជីលី បញ្ជាក់ច្បាស់ៗតាមរយៈវីដេអូឡាយនោះទៀតថា នាងមិនវះកាត់ផ្លាស់ប្ដូរមុខឱ្យខុសពីទម្រង់មុខដើមដាច់ខាត ព្រោះម្យ៉ាងនាងជាមនុស្សខ្លាចម្ជុលខ្លាំងណាស់ មិនអាចទៅវះកាត់កែសម្ផស្សបានទេ ៕